Thursday, November 27, 2014

rbu 660 -- ទូរទស្សន៍ស្រុកខ្មែរ TVs in Cambodia


មើលទូរទស្សន៍សៀម ឬក៏យួន ... សាសន៍គេធ្វើខ្លួន តាមជាតិគេ
ខុសអ្វីស្រុកខ្មែរ ផ្ដាសម្ល៉េះទេ ... ធ្វើខ្លួនតាមគេ ភ្លេចជាតិឯង។
ឃើញ ទ.ទ.ក. ស្លៀកគ្រាន់បើ ... គួរឲ្យសរសើរ ម៉ូដចេញស្ដែង
ស្លៀកពាក់ជាខ្មែរ ពិតពុំក្លែង ... ក្រៅពីនោះឯង ស្លៀកតាមនឹក។
ស្លៀកដូចយល់សប្ដិ៍ ឃើញពីយប់ ... ខ្លួននឹកចង់ស៊ប់ ថាចាំព្រឹក
លេងឲ្យអស់ដៃ យកសន្ធឹក ... គេដៀលទាំងព្រឹក វង្វេងជាតិ។
ថាពិធីករ ការិនីខ្មែរ ... ប៉ិនតែខាងញ៉ែ ខ្សត់មារយាទ
ស្លៀកពាក់អ្វីៗ ទើសភ្នែកញាតិ ... ដៀលឮព្រោងព្រាត ស្លៀកពុំសម។
លែបខាយចំម្ល៉េះ ចេះផ្លែផ្កា ... លើកចួនវោហារ ដាក់ចំៗ
គួរបុកបន្ថែម ឲ្យដំណំ ... ខំៗក្មេងៗ វង្វេងជាតិ។
មើលតែស្លៀកពាក់ ឃើញជាក់ច្បាស់ ... ប្រព្រឹត្តផ្ដេសផ្ដាស ខ្វះមារយាទ
ធ្វើតាមនឹកឃើញ មិនស្គាល់ជាតិ ... ឆ្ងាយកាន់តែឃ្លាត ខ្មែរអើយខ្មែរ។
សូម្បីពាក្យពេចន៍ ពោលមិនចំ ... ខុសពាក្យពុំសម ខ្លួនចេះដែរ
និយាយខុសពាក្យ ជាហូរហែ ... ពិធីករខ្មែរ តាមទូរទស្សន៍។
ពាក្យខ្មែរបែរប្រើ តុង/TON/យួនសុទ្ធ ... ង៉ិវង៉ូវកុតៗ បាត់អត្ថរស
"ក្រោយ" ទៅជា "ក្ហោយ" ក្លាយក៏ព្រោះ ... "រស់" ឮតែ "ហ្អ៊ោះ" លែងឈ្មោះខ្មែរ។
យកពាក្យលេងសើច ទៅប្រើផ្ដាស ... ក្មេងមើលដេរដាស ធ្វើតាមដែរ
ទម្លាប់យូរទៅ ភាសាខ្មែរ ... មុខតែសូន្យបង់ បើមិនគិត។
ឯពួក "កំប្លែង" នោះឯងវិញ ... ចេះចាំទន្ទេញ គិតខ្លីពិត
ហាឡើង "វ៉ៃក្បាល" ជេរប្រតិដ្ឋ /ប្រឌិត/ ... ដូចខ្វះខួរគិត រើសពាក្យល្អ។
© rbu_spp 12:14 pm Nov 27, 2014 Puthpong Sao

No comments: