Saturday, March 1, 2014

rbu ដូងតឿ ឬ ដូងកប៉ាល់

ដូងនេះគេហៅ ពូជដូងតឿ
រឿងពុំគួរជឿ ផ្លែនៅទាប
ក្មេងតូចឈោងដល់ ធាងប្រគាប
ផ្លែតាំងពីទាប ត្រឹមចង្កេះ។

គេហៅម្យ៉ាងទៀត ដូងកប៉ាល់

ខ្ញុំចាំអង្កាល់ ពីតូចម្ល៉េះ
ប៉ាខ្ញុំបានដាំ ខ្ញុំឈោងបេះ
ងាយស្រួលប្រឡេះ បេះពីសា។

ដាំពីរបីឆ្នាំ វាឲ្យផល

ពុំចាំយូរដល់ ច្រើនវស្សា
ដូចពូជដូងធំ ទើបចេញផ្កា
ធ្លាយសោតទៀតណា ក្ដាំងផលា។

ពេលដាំមុខផ្ទះ គេដើរកាត់

ក្រឡេកមើលឆ្វាត់ លាន់មាត់ថា
"ដូងអីទាបសោះ ចេញផ្លែផ្កា
"រកពូជពីណា ចង់ដាំដែរ"។

ដូងនេះបើថែ ផ្លែបន្ត

ទឹកវាផ្អែមល្អ ផ្លែហូរហែ
មួយធ្លាយចេញទៀង រៀងរាល់ខែ
បើដាំពូកែ ថែទឹកជី។


ដើមវាក៏ខ្ពស់ ជាដើមលៃ
ដូចពូជដទៃ ខុសតែពី
ដងដើមតូចជាង ឲ្យផ្លែស៊ី
ដល់ខ្ពស់ពេញទី ស្ដួចរៀវឡើង៕

កំណត់៖ ដូងនេះខុសពីដូងកូវកែ។ តាមវចនានុក្រមសម្ដេចសង្ឃ ជួន ណាត "
កូវកែ  ( ន. )  ដូង​មួយ​ប្រភេទ​ដើម​តូច​ៗ ទាប​ៗ ផ្លែ​តូច​ៗ មាន​ទឹក​ផ្អែម មាន​ដើម​កំណើត​មក​ពី​ប្រទេស​ម៉ាឡាយ៉ា គេ​យក​ពូជ​មក​ដាំ នៅ​ស្រុក កូវកែ ដែល​ខ្មែរ​ហៅ​ថា ស្រុក​កំពង់ស្ពាន ខែត្រ​ព្រែកឫស្សី (កម្ពុជា​ក្រោម) លុះ​ចំណេរ​កាល​ត​ៗ​មក​ពូជ​ដូង​នេះ ក៏​ចូល​មក​ដល់​ប្រទេស​កម្ពុជា​ អ្នក​ស្រុក​ហៅ ក្លាយ​ពី​ពាក្យ​ដើម​ទៅ​ជា ដូង​កល់កែ, អ្នក​ខ្លះ​ថា ដូង​គល់កែ ហៅ​ក្លាយ​មក​ទៀត​ថា ដូង​តាកែ ។ 
"


No comments: