Friday, March 28, 2014

rbu ហង្យយន្ត Jules Verne ខ្មែរ

១. “ខ្លែងហើរដ្បិតខ្សែ “ ពាក្យនេះត្រូវដែរ តែនៅពុំសម
ពិនិត្យឲ្យជាក់ ដាក់ន័យឲ្យចំ ពាក្យ”ខ្លែង”នេះផ្សំ
រាប់ខ្សែផងដែរ។

២. ខ្លែងមានបីផ្នែក ពុំគិតខ្លែងឯក មានចំណងខ្សែ
បន្ថែមលើតួ កន្ទុយមួយ(២)ខ្សែ ដូចបក្សីដែរ
ឃើញនឹងស្ងើចផង។

៣. បើជាខ្លែងឯក ចេះច្រៀងចំឡែក បួនផ្នែកចម្បង
ទាំងឯកស្នែងច្រៀង សំនៀងផ្ដោះផ្ដង ពីរោះកន្លង
ឆ្លើយឆ្លងយប់ជ្រៅ។

៤. ខ្លែងកុតមានតែ តួខ្លួននិងខ្សែ ពេលបង្ហោះទៅ
ប៉ែលប៉ោលរេរាំ ក្អេងកៀងខ្យល់នៅ បើស្ងប់ខ្យល់ទៅ
ធ្លាក់ដីស្រប៉ាប។

៥. ពេលខ្លែងដាច់ខ្សែ អ្នកលេងមុខតែ រត់បាក់ញើសដាប
ខ្យល់កួចទៅឆ្ងាយ រសាត់ឆែលឆាប ផ្អើលបក្សីចាប
ចង់ទៅលោកខែ។

៦. នេះទើបមនុស្ស គិតច្នៃទម្លុះ ឲ្យហោះគ្មានខ្សែ
បង្កើតបាន”យន្ត ហោះ“ហើរហូរហែ ពុំមែនពឹងខ្សែ
ប៉ុន្តែ”ខ្យល់“ពិត។

៧. សូមមើល”ហង្សយន្ត” កវីនិពន្ធ ខ្មែរបានប្រតិដ្ឋ
ប្រដូច”បក្សី យន្ត”ហោះពិតៗ “ជណ្ដើរ“និមិត្ត
គិត“ខ្យល់”នោះដែរ។

៨. កវី “ហង្សយន្ត“ ឧត្តមពេកពន់ ជា“Jules Vernes”ខ្មែរ
លោកមានគំនិត “ហោះ“ឥតពឹងខ្សែ នេះគំនិតខ្មែរ
វិទ្យាសាស្ត្រស្ដែង។

៩. គំនិតបង្កើត ថ្មីប្រពៃឆើត ពុំមែន”ខ្សែ”ខ្លែង
ប៉ុន្តែគឺ”ខ្យល់” ព័ស្តុតាងនោះឯង ជោគជ័យចិញ្ចែង
យន្តហោះពឹង”ខ្យល់“។

១០. គឺរូបវិទ្យា គំនិតវិជ្ជា បើរៀនឲ្យដល់
មុខតែនឹងដឹង ចេះគិត
លែងឆ្ងល់ តួនាទី“ខ្យល់“
យន្ត”ជណ្ហោះ(៣)“ឡើង៕

© rbu_spp Sao Puthpong, March 27, 2014
(១) Jules Verne ជាអ្នកនិពន្ធប្រតិដ្ឋវិទ្យាសាស្ត្របារាំង
ដែលស្នាដៃលោកបាននាំផ្លូវការបង្កើតថ្មីដ៏ច្រើន
(២) ខ្លែងឯកមានកន្ទុយពីរខ្សែ
(៣) ជណ្ហោះ(ពាក្យបង្កើតថ្មី)=វត្ថុសម្រាប់យានយន្ត
ជាន់ហោះឡើង ប្រដូចនឹងជណ្ដើរ <ជាន់+ដើរ= វត្ថុ
សម្រាប់ជាន់ដើរឡើង។

នេះជារូបថតខ្ញុំបង្រៀនគណិតវិទ្យាថ្នាក់ទី១១(ហៅ
ធម្មតាថាថ្នាក់បាក់ឌុប)ឆ្នាំ១៩៨៦។

No comments: