Thursday, March 20, 2014

rbu ផ្កាលិង្គស្វាយ

នេះផ្កាលិង្គស្វាយ
ក្រមុំបែរកាយ
អៀនគេចនេត្រា
មុខឡើងក្រហម
ក្ដៅព្រឺកាយា
រីកនៅឯណា
សួនកេរ្តិ៍បុរស?

នេះផ្កាលិងស្វាយ
សម្រាប់មេម៉ាយ
មើលមិនអៀនសោះ
ដូចនឹកអាល័យ
អ្វីៗថ្មីស្រស់
ឃើញនឹកកំលោះ
ស្រណោះភ្លេងការ។

នេះផ្កាលិង្គស្វាយ
ស្រីៗទាំងឡាយ
អ្នកមានគ្រួសារ
មុខតែនឹកឃើញ
អស់អនុស្សារណ៍
ពីថ្ងៃរៀបការ
ដល់គ្រាឥឡូវ។

លិង្គស្វាយបុប្ផា
បានឃើញកាលណា
នឹកឃើញគុណឪ
ទុកកេរ្តិ៍ឲ្យកូន
តពូជត្រឹមត្រូវ
នេះគុណម៉ែឪ
កួចកេរព្រលឹង។

នៅភ្នំគូលែន
ចម្លាក់មានមែន
ក្រាលពាសបាតស្ទឹង
ជានិមិត្តរូប
ព្រះពាន់អង្គលិង្គ
ឯនេះផ្កាលិង្គ
ធម្មជាតិទុកកេរ្តិ៍។

មើលចុះត្របក
មានន័យស្រាយបក
ពុំគួរឆ្ងល់ទេ
លិង្គគូនឹងអ្វី
ប្រុសស្រីយើងគេ
មិនបាច់ប្រាប់ទេ
យល់គ្រប់តែគ្នា។

ឯក្រមុំណា
ពុំមានស្នេហា
ផ្កានេះជាគ្នា
មើលឲ្យហើយទៅ
កុំនៅរេរា
ផ្កានេះពិតជា
ផ្កាលិង្គពណ៌ស្វាយ។

តែហាមមមើ
គេងប្រះប្រែរើ
ឬរមួលកាយ
ក្រែងម៉ែឪឆ្ងល់
ដេញសួរវែងឆ្ងាយ
ពិបាកបកស្រាយ
រឿងអាថ៌កំបាំង៕

No comments: