Wednesday, November 26, 2014

rbu 654 -- ក្រុងយើងយ៉ាងណា? The Asia Foundation


១ ពោល៖គូស្រករក្មេង ដើរស្វែងរក ... ម្លប់ឈើនឹងជ្រក អង្គុយអាន
កៅអីឯណា រកពុំបាន ... ស្រី៖“ តើឲ្យយើងអាន នៅទីណា?”
២ ប្រុស៖ “នៅក្នុងកែវភ្នែក ទាំងគូថ្លៃ ,,, ភ្លឺដូចចរណៃ ពេជ្រចាំងថ្លា
សមនឹងសម្រស់ កែវជីវា ... គន់មើលលោកា ទុក្ខក្នុងចិត្ត”។
៣ “រមួលឈឺចាប់ ប្រាប់ពុំបាន ... រងាទាំងប្រាណ ទុក្ខរួមរឹត
មើលមេឃបាត់ច័ន្ទ្រ ខ្មៅងងឹត ... ស្រោបជិតបាំងបាត់ សម្រស់ស្រី”។
៤ ស្រី៖ “ភ្លៀងធ្លាក់ជោកជាំ ជន់លិចផ្លូវ ... ម៉ូតូឡានត្រូវ ហែលដូចត្រី
កណ្ដាលភ្នំពេញ ក្រុងធ្លាប់ល្បី ... ប្រែមុខមាត់ថ្មី លិច.ក្រោមទឹក” ។
៥ ប្រុស៖ Lexus, Rolls-Royce ទយគូទទល់ ,,, មកទើរនិងយល់ ស្នូរគគ្រឹក
បំពង់ផ្សែងឈ្លក់ លាន់សន្ធឹក ... ហែលគោកទាំងព្រឹក កណ្ដាលក្រុង។
៦ អ្នកដើរនុ៎ះ ន៎ រកឆ្លងផ្លូវ ... ម៉ូតូឡានត្រូវ ស្ទះកកស្លុង
ពារលើគំនូស បំពានហ្នុង ... ហេតុអ្វីក៏ក្រុង ភ្លេចកម្រ។
៧ មើលចុះឡាននោះ បរកាត់វឹង ... ច្រាសផ្លូវទទឹង ចរាចរណ៍
មិនខ្វល់គេឯង ជែងអ៊ូអរ ... គិតងាយ ការក្រ ខ្វះសណ្ដាប់។
៨ ស្រី៖ មើលលើចិញ្ចើម សម្រាប់ថ្មើរ ... គ្នាបានអ្វីដើរ បើណែនតាប់
ម៉ូតូឡានចត ទទឹងស្រាប់ ... ឃើញរឹតតែយ៉ាប់ ផើងផ្កាបាំង។
៩ ចិញ្ចើមផ្លូវសោត កោតតែមាន ... ការ៉ូបំពាន ខ្ពស់ទាបតាំង
ដេរដាសដោយអ្វី រាំងបង្ខាំង ... ដូចលេណចម្បាំង ក្នុងធានី។
១០ បើនឹងដើរលេង តាមឧទ្យាន ... ក៏ពុំឃើញមាន សួនជាទី
អង្គុយកម្សាន្ត ជារមណីយ៍ ... គេលក់ខ្ទេចខ្ទី គ្មានចន្លោះ។
១១ ប្រុស៖ តើក្រុងនៃយើង គួរយ៉ាងម៉េច? ... ជើងត្បូងកើតលិច ពុលហប់ខ្សោះ
ផ្សែងម៉ូតូឡាន ធាតុពុលសោះ ... អួរអាប់ទាំងអស់ បរិស្ថាន ។
១២ លម្ហបៃតង ក្រុងត្រូវមាន ... គេលក់បំពាន ធ្វើមានបាន
កើបលុយដុល្លារ ដូរម៉ូដឡាន ... សង់គេហដ្ឋាន លើសវាំងស្ដេច។
១៣ មើលតែបឹងកក់ ឃើញស្រាប់ហើយ ... គឺជាចម្លើយ ច្បាស់ជាស្រេច
បូមដីលុបបឹង ឡើងគោកខ្សាច់ ... ចង់ថាមិនបាច់ មានសួនហ្អី?!
១៤ បរិស្ថានមាត់បឹង ទីនេះល្អ ... បើទុកលម្ហ បៃតងខ្ចី
តាមក្រុងត្រូវការ វាលបុរី ... តែចង្រៃអី្វ គេលក់ខ្ទេច។
១៥ ស្រី៖ មនុស្សកើនឡើង ក្រុងចង្អៀត ... វាលសួនសោតទៀត គេធ្វើភ្លេច
ខ្យល់អាប់អួរពុល ជាប់ជានិច្ច ... ធ្វើម្ដេចភ្នំពេញ ក្លាយឋានសួគ៌?
១៦ កាលជាងសែសិប ឆ្នាំមុននេះ ... ល្បីដូចប៉ារិស កេរ្តិ៍ខ្លាំងគួរ
ភ្នំពេញអាស៊ី គជឋានសួគ៌ ... ពុំឡើយនឹងគួរ ធ្លាក់ដល់ម្ល៉ឹង៕

ខ្ញុំនិង កញ្ញា វង្ស សុជាតា អាននៅពិធីបើកពិពរណ៍ វិចិត្រសាលសិល្បៈសហគមន៍ នៅ The Asia Foundation, Phnom Penh។ រូបមួយទៀត លោក Silas Everett, Country Representative for The Asia Foundation និង សិល្បករខ្មែរអាមេរិកាំង Khiang Hei
© rbu_spp Written: 9:27 pm Nov 24, Edited: 9:16 am Nov 25, 2014

No comments: