Thursday, November 6, 2014

rbu 640 – អុំទូកដៃពីរ លើដង ទន្លេដៃបួន


អុំទូកដៃពីរ លើដង ទន្លេដៃបួន 
ស្រែកច្រៀងយោកខ្លួន យោលខ្លាំង យកកម្លាំងឈ្នះ
ក្អាកក្អាយសប្បាយ ប៉ងយស យកវិលទៅផ្ទះ 
ចិត្តនឹកបន់ព្រះ ព្រះអង្គ ដង្កើដងទង់។

ស្ដេចគង់ក្រសាល ទតពី ទីព្រះពន្លា 
អ្នកទូកគ្រប់គ្នា បែរមុខ លើកដៃថ្វាយទ្រង់
សព្ទសាធុការ ព្រះឱស្ឋ ប្រោសព្រំរឿណរង្គ 
ព្រះទ័យលោកគង់ ប្រទាន ពរជ័យសិរី។ 

ចតុម្មុខធានី នទី(១) ទន្លេដៃបួន 
ប្រសព្វចំចួន ជុំថ្ងៃ ចន្ទ្រពេញបូរមី
កត្តិកចុងឆ្នាំ ដូចផ្ដាំ ជូនសុខសួស្ដី  
លំហូរភក្ដី មេត្រី មេគង្គ-បាសាក់។

រឿងប្លែកខុសគេ គ្មានទេ លើពិភពលោក 
បាតុភូតដូចជោគ តែមួយ ឃើញយ៉ាងប្រចក្ស
ទន្លេបួនមុខ ហូរផ្ញុក រួចទើរទ្រឹងអាក់  
ទន្លេសាបចាក់ ធាក់ចេញ ហូរទៅក្រោមវិញ។

រាល់ឆ្នាំឲ្យតែ ដល់ខែ កត្តិកពេញបូរមិ៍ /ពេញបូ/ 
ដូចលាភពេញពោរ ហូរហៀរ ច្រាលមុខភ្នំពេញ
ទន្លេសាបស្រក ហូរបក ចាក់ទៅត្បូងវិញ 
ទឹកហូររមេញ ចរចេញ ទៅកាន់សាគរ។
       ...…………
កាំជ្រួចផ្កាភ្លើង ហោះឡើង ច្រាលមេឃរាត្រី 
ចាំងចោលរស្មី ព្រាកផ្លេក ក្នុងមេឃសូរខ្ទ័រ
រណ្ដំដួងចិត្ត បង្កើត អំណរសាទរ 
មើលភក្ត្រអ្នកឈរ ឃើញផុស សម្រស់សប្បាយ។ 

ប្រទីបផ្កាភ្ញី ផ្លេកភ្លឺ ផ្លាតពីនេត្រា   
ថតអនុស្សារណ៍ ទស្សនា ពណ្ណរាយឆើតឆាយ
ក្សាន្តក្នុងចិន្តា លម្ហែ អារម្មណ៍ស្រស់ស្រាយ  
ព្រះខែចេញកាយ ដង្ហែ  អុំទូកទិវា។

រឿងទន្លេសាប  ចារប្រាប់ តាមព្រេងប្រវត្តិ(២)  
កត់ទុកផ្ទៀងផ្ទាត់ រជ្ជកាល ព្រះកេតុមាលា
ពិស្ណុការខឹង គ្រវែង ដាវទានរាជា 
ចោលត្រង់ទីនា កើតជា ទន្លេសាបទៅ។
 ...…………
អុំទូកពីមុន មុនពេល សោកនាដកម្ម (៣) 
ជារៀងរាល់ឆ្នាំ ចាំច្បាស់ មនុស្សសព្វផ្លូវ
កកកុញអឺងអាប់ សូរសព្ទ ចរចារង៉ូវ 
ភ្នំពេញហៀរផ្លូវ រដូវ ខ្លះស្ទះយប់ថ្ងៃ។

ដូចក្រុងមិនដេក មិនធ្មេច បីថ្ងៃបីយប់ 
អ៊ូអរមិនឈប់ ថ្ងៃយប់ បុណ្យសប្បាយក្រៃ
មនុស្សរាប់លាននាក់ ពពាក់ ពពូនពីឆ្ងាយ 
មកលេងសប្បាយ បុណ្យជាតិ តែមួយប្លែកគេ។ 

ឥឡូវឆ្នាំនេះ ប្លែកម្ល៉េះ ខ្សត់អ្នកដើរលេង 
ដូចឃើញវាលធេង តាមផ្លូវ ឬច្រាំងទន្លេ
អុំទូកស្ងាត់ក្រុង លន្លង់ ស្រងោចម្ល៉េះទេ 
ខ្លះថាពួកគេ ទៅស្រុក ស្រណុកចិត្តជាង៕

© rbu_spp Nov 6, 2014 (15th waxing moon of Kadek) Sao Puthpong 
It is usually celebrated for three days, i.e. the 14th and 15th of the waxing moon and the 1st of the waning moon of the month of Kadek. The 15th of the waxing moon is the last full moon day.
(១)នទី = ទន្លេ  --  
(២) រឿងព្រេងប្រវត្តិ អំពីការសាងសង់ប្រាសាទអង្គរ (ទស្សនាវដ្ដី អង្គរវត្ត ឆ្នាំ១៩៦៩ នៃសម្ដេចតា ស្រាវជ្រាវរៀបរៀងដោយ អ្នកកាសែត អាមេរិក បារាំង អូស្ត្រាលី ជាសហការីរបស់ព្រះអង្គ  -- 
(៣) មនុស្សជាង ៣៥០នាក់ បានជាន់ស្លាប់គរគ្នាយ៉ាងអាណោចអាធម្មលើស្ពានកម្សាន្តស្ពានកោះពេជ្រ នារាត្រីចុងក្រោយនៃបុណ្យអុំទូក ២២/១១/១០

No comments: