Monday, November 24, 2014

rbu 650 -- បះជើងទ្រមេឃ


បះជើងទ្រមេឃ ដេកលើផ្លូវ
ស្រុកខ្មែរឥឡូវ ឈើកាប់វាល
ត្រងោលទាំងភ្នំ ឡើងរងាល
ទំពែកពាយវាល ដឹកយប់ថ្ងៃ។
ឈើគូបប្រណីត កាប់ឥតឈប់
ឈើមូលឈើហ៊ុប លក់បានថ្លៃ
ឆ្លងដែនឲ្យយួន ចិនរាល់ថ្ងៃ
ឧបទ្រពចង្រៃ ដល់ជាតិឯង។
ពេលក្ដៅ ក្ដៅខ្លាំង ឡើងរាំងស្ងួត
ជំនន់ជាន់ត្រួត គ្រោះហួតហែង
លិចលង់បំផ្លាញ ឃើញជាក់ស្ដែង
កើតគ្រប់កន្លែង មកពីអ្វី?
សម្បត្តិជាតិទេ កេរដូនតា
គេថាលក់ឈើ ឬជួលដី
អភិវឌ្ឍន៍ជួយ អ្នកក្រក្រី
ទោះបីការពិត រាស្រ្តរងគ្រោះ។
នៅស្រុកខ្មែរនេះ អភិវឌ្ឍន៍
រាស្ត្រថាគ្រប់មាត់ ពាក្យបញ្ជោះ
បញ្ជោរបោករាស្ត្រ គិតថាងោះ
នេះព្រោះលោភៈ អវិជ្ជា។
អាងលុយអាវុធ ប្រើហឹង្សា
បក្សពួកឫស្យា គ្នីគ្នាវា
អ្នកធំនិងឈ្មួញ ចែកផលគ្នា
ឯរាស្ត្រវេទនា ជាតិយ៉ាងណា?
និរទណ្ឌភាព ឡើងដុះស្លែ
រួតរឹតជាតិខ្មែរ ស្ទើរមរណា
បើនៅបែបនេះ ថ្ងៃអន្សា
ហិនរី កាំ(១) ថា កម្ពុជាបាត់៕
ហិនរី កាំ(១) ជាអតីតអ្នកកាសែត The New York Times ជិត៥០ឆ្នាំ បានចេញចូលកម្ពុជា ហើយនៅពេលចូលនិវត្តន៍ក្នុងឆ្នាំ២០០១ លោកបានធ្វើសន្និសីទកាសែតនៅ អឺរ៉ុប ដាស់អ្នកកាសែតអន្តរជាតិជំនាន់ក្រោយឲ្យគិតដល់វាសនានៃកម្ពុជា ដែលលោកបានអធិប្បាយប្រើពាក្យថា "ខ្ញុំពុំប្រាកដថាកម្ពុជានឹងនៅមាន[ឬយ៉ាងណា]នោះទេ ...(Sic!)"។
©rbu_spp 8:11 am Nov 24, 2014 Puthpong Sao

No comments: