Friday, November 21, 2014

rbu 649 -- ជើងចាបបែកចិត្ត


ជើងចាបផលព្រឹក្ស នឹកស្រុុកស្រែ
ដុះរៀងហូរហែ ផ្លែលួងក្មេង
តាមភ្លឺព្រៃទាប យើងរត់លេង
ពេលអូនវង្វេង ព្រៃរំពាក់។
បងគេចលាក់ខ្លួន ពួនក្រោយខ្នង
អូនស្រែកហៅបង បងពញ្ញាក់
ស្ងួនយំខឹងបង នួនល្អងភ្ញាក់
ននៀលទធាក់ ទក់គុម្ពស្មៅ។
បងបេះជើងចាប លួងបញ្ចុក
អូនពមចិត្តសុខ ញញឹមឆៅ
បងជូតទឹកភ្នែក ថ្ពាល់ឆោមស្លៅ
ឃើញស្នាមដិតដៅ ដានទឹកភ្នែក។
ភក្ត្រអើយភក្ត្រស្រស់ បងនៅចាំ
ទោះបែកច្រើនឆ្នាំ ចិត្តសង្វេគ
ទឹកភ្នែកអូនដាម ផ្ដិតទឹកភ្នែក
ទុក្ខប្រឹងរំលែក ទុក្ខឃ្លាតឆ្ងាយ។
នឹកខ្លាំងត្រង់អូន ភ័យខ្លាំងស្លន់
តូចតន់ដួលបង ត្រកងកាយ
អូនឱបបងស្អិត ដ្បិតឆោមឆាយ
ស្លុតឃើញពស់ក្រាយ ដេញពស់ព្រៃ។
ជើងចាបព្រៃត្រៀល ឈើទាលអក
ក្រៀលច្រៀងចំអក បងសន្ធៃ
សន្ធឹកពេញទ្រូង ទុក្ខរីងរៃ
ជីវិតឥតន័យ ស្រីបែកចិត្ត៕
© rbu_spp 11:09 am Nov 22, 2014 Puthpong Sao

No comments: