Monday, January 19, 2015

rbu 731 -- ឈើទាល ចៅហ្វាយ គុយ


ឈើទាលខ្មែរក្រោម ដាំច្រាសចុង
នៅឈរមាំឆ្កុង ច្រើនសតវត្សរ៍
និមិត្តជាតិខ្មែរ មិនប្រែភ្លាត់
ស្រាក់ដៃវង់ព័ទ្ធ ចិត្តសាមគ្គី។
រួមចិត្តរឹងមាំ ទ្រាំឈឺចាប់
ទោះជាត្រូវស្លាប់ ក្បាល់ដាច់ពី
ដងខ្លួនដេកដួល លើធរណី
ការពារដែនទី ឲ្យឋេរឋិត។
សុខចិត្តឲ្យយួន កាត់កលោក
ដោយល្បិចស្មោកគ្រោក យ៉ាងឧក្រិដ្ឋ
ការពារទំនាម ខ្មែរប្រណីត
សុខចិត្តលះជន្ម មិនចាលចាញ់។
លោកដាំឈើទាល កំពូលដោម
យកចុងចុះក្រោម ដើម្បីផ្ចាញ់
ឧទ្ទិសផ្សងសូម ចិត្តស្រឡាញ់
"ឲ្យឈើអង្គអញ រស់រហូត"។
ឈើទាលនៅរស់ ឈ្មោះមិនស្លាប់
តឹកតាងប្រាយប្រាប់ ពូជខ្មែរស្លូត
ទំនាមខ្មែររស់ និមិត្តមោទន៍
ជាតិនៅរហូត មិនកោតយួន។
នេះជាប្រវត្តិ ឧកញ៉ា គុយ
មិនងប់មុខលុយ អំណាចខ្លួន
មេខេត្តដីខ្មែរ ស្រែត្រកួន
ព្រះត្រពាំងជួន ខ្មែរក្រោមដែន។
លោកចៅហ្វាយ គុយ ចិត្តហានក្លា
ស៊ូស្ម័គ្រមរណា លះច្រណែន
ជាតិខ្មែរសាមគ្គី គ្រប់ភពផែន
ប្រមូលរួមកេណ្ឌ ការពារជាតិ។
© rbu_spp 10:37 am Jan 20, 2015 Puthpong Sao

No comments: