Thursday, January 1, 2015

rbu 707 -- យល់សប្ដិជប់លៀង


អធ្រាត្រ ឃ្លាតផ្ដាំ ឆ្នាំចាស់ ផ្លាស់ថ្មី
ជុំមិត្ត ជិតក្ដី មេត្រី ជប់លៀង
ពីនាយ មកអាយ ឆ្ងាយជិត រៀងៗ
សំណើច សំនៀង ច្រៀងសា ទរអរ។
ផ្ទះខ្លះ ខ្វះញាតិ ជុំជាតិ ជាគ្នា
អធ្រាត្រ រងា គ្មានគ្នា កំដរ
ឱបដៃ កម្សត់ អត់អ្នក អបអរ
ដង្ហើម ត្រដរ អន្ធក្រ តស៊ូ។
អ្នកមាន ជន់ជោរ ហូរហៀរ អាហារ
អ្នកក្រ ខ្សត់ណា ទេព្តា ភ្លេចគូរ
ប្រាថ្នា យល់សប្ដិ បានហូប រស់យូរ
ម្ហូបម្ហា ពេញទូ ភ្ញាក់ឡើង គ្រហែត។
យល់សប្ដិ ហូបឆ្ងាញ់ ខ្លួនឯង អរដែរ
បើទោះ បីតែ សប្បាយ មួយភ្លែត
អាហារ យល់សប្ដិ ភរខ្លួន មិនឆ្អែត
ភ្ញាក់ឡើង គ្រហែត កូរពោះ គ្រូកៗ។
អ្នកក្រ ចង់ឆ្ងាញ់ បន់ឲ្យ យល់សប្តិ
ផ្គុំម្រាម ដៃដប់ ផ្សងឈោង ដៃលូក
ប្រាថ្នា ចាប់ប៉ះ សាច់មាន់ គោជ្រូក
កាយញាត់ ហុតគ្រូក មុខម្ហូប យល់សប្ដិ។
នឹកឃ្លាន សាច់អាំង នំប៉័ង ការី
ដៃមួយ ដៃពីរ ប្រើទាំង ម្រាមដប់
ឱកាស មានម្ដង មិនដឹង ត្រូវចប់
ជប់លៀង យល់សប្ដិ យល់សប្ដិ ជប់លៀង៕
© rbu_spp 4:14 pm January 01, 2015 Puthpong Sao

No comments: