Thursday, January 1, 2015

rbu 709 -- (ឈុតមួយនៃគម្រោងរឿង សង្គ្រាមជែនដឹ)


(អ្នកគក)៖ ឈប់! ឈប់! ឈប់ភ្លាម !!!
(អ្នកគក)៖ ពេលអញតាមទាន់ អញជាន់ឲ្យជាប់ 
មិនឲ្យនាងងាប់ ឲ្យនាងបានសុខ
ឲ្យនាងបានកូន សាយទាំងសំបុក
ស្រណុកមិនចង់ ប្រឹងរត់ធ្វើអ្វី?
(នាងមេ)៖ បើខ្ញុំមិនរត់ គេថាខ្ញុំអាស
បងថាតែផ្ដាស ស្រណុករឿងអី
កូនទាំងសំបុក បងដើររកថ្មី
ស៊ូរត់ពេញដី មុនព្រមចុងក្រោយ។
(អ្នកគក)៖ ប្រញាប៉ឈប់ភ្លាម កុំបាច់តមាត់
មិនដេញធាក់ទាត់ ឲ្យនាងសុខសោយ
(នាងមេ)៖ បើបងតាមទាន់ អូនសុខចិត្តឲ្យ
ទើបព្រមបណ្ដោយ អូនក៏ចង់ដែរ។
(អ្នកគក)៖ បើដឹងអ៊ីចឹង ម្ដេចប្រឹងរត់ទៀត
ម្ដេចក៏មិនឆ្លៀត អែបបៀតភ្លឺស្រែ
បាំងជញ្ជ្រាំងស្រូវ ក្បែរផ្លូវហូរហែ
រត់ទៀតនាំតែ អញខឹងរឹតខ្លាំង។
(នាងមេ)៖ បងទ្រាំបន្តិច ខ្ញុំបន្លិចឲ្យ
កុំភ្លេចមើលក្រោយ មើលអ្វីបាំងៗ
កុំអាលដំឡើង កាំភ្លើងចម្បាំង
អារមេឆុងឆាំង ក្រែងគេផ្អើលមើល។
ឥឡូវខ្ញុំចត ឲ្យបងឡើងឆាប់
គួរឆ្លៀតប្រញាប់ ក្រែងពួកស្ទាវព្រើល
មកទាន់វាឃើញ នាំគ្នាចោមមើល
ខ្លាចតែពួកជ្រើល វាស្រែកឆោឡោ។
(អ្នកគក)៖ អឺៗបានៗ អរគុណនាងអើយ
(នាងមេ)៖ បើរួចកិច្ចហើយ កុំភ្លេចលើកខោ
(អ្នកគក)៖ និយាយតែផ្ដាស តាំងពីដើមម៉ោ(១)
គកណាស្លៀកខោ ស្អុះស្អាប់ចង់ងាប់។
បាំងតែកំប៉ិត បញ្ឆិតកំប៉ោយ
រំយោលបាំងក្រោយ បើរវល់ជាប់
(នាងមេ)៖ ម្ង៉ៃៗដើរចង់ ចោលកូនមួយទ័ព
(អ្នកគក)៖ នេះជាទម្លាប់ កែរោគអផ្សុក។
(អ្នកគក)៖ បងឃើញអាស្ទាវ រងាវញ៉ែអូន
(នាងមេ)៖ ចុះបងរាប់ផ្លូន កូនរាប់សំបុក
គ្រាន់តែគេញ៉ែ ចិត្តមិនស្រណុក
(អ្នកគក)៖ ម៉េចអូនកិកកុក ចង់អាគកក្មេង?
(នាងមេ)៖ ខ្ញុំឈប់និយាយ អពមង្គល
បើបងចេះយល់ កុំសូវដើរលេង
ចូលបារ ការ៉ា អូខេ នឹងក្មេង
ចូលផ្ទះវង្វេង វាយប្រពន្ធកូន។
(អ្នកគក)៖ ប្រុសឈ្មោលចេញក្រៅ ជារឿងធម្មតា
(នាងមេ)៖ តែបងចាំថា អូនមានសិទ្ធិ៍អូន
សម័យ “ជែនដឹ” មានស្រីរាប់ផ្លូន
កុំភ្លេចសិទ្ធិ៍អូន កូនមានច្បាប់ចែង។
អាគកក៏ចាក់ក្បាច់រាំចាក់ឆែលចំហៀងខ្លួន ប៉ាក់ឆើកៗ យកស្លាបម្ខាងឆឹកមុខនាងមេ និង យកមាត់ចំពុះទៅគោះសសិតប៉ះនឹងមាត់នាងមេ លួងលោមបំពេ កឹកៗៗៗ មុននឹងវាជំ ទើត ជើងដំឡើងក្បាលខ្ពស់ ទទះស្លាបភឹបៗ រងាវ កុកកែកឺកឺតៗ ហើយបន្ទាបខ្លួនចំកាងស្លាបត្រដាងរត់ត្របាញ់ត្រុយពេលឃើញនាងជំទង់មួយមកឈរសម្ញែងកាច់រាង មិនឆ្ងាយប៉ុន្មានពីទីនោះ។
© rbu_spp 9:04 pm January 01, 2015 Puthpong Sao


No comments: