Sunday, January 11, 2015

rbu 718 -- ទំនួញ ព្រៃខ្មែរ


ឈើឱបមិនជុំ ទំនួញ ព្រៃឈើខ្មែរ
ហៅរកអ្នកថែ អ្នកជួយ ចេញការពារ
ដួលក្រាលហិនពាយ ដែនព្រៃ កម្ពុជា
ខ្មែរអើយនាំគ្នា ការពារ មុនរលាយ។
មិនតែព្រៃឡង់ នៅត្រង់ ទីដែនដី
ព្រំដែនខេត្តបី ស្ទឹងត្រែង ក្រចេះពាយ
និង កំពង់ធំ ទួញយំ ហួសនិយាយ
ពស្តុតាងឃើញងាយ ពេលហោះ មើលពីលើ។
រាលដាលមកដល់ ព្រៃសល់ ដែនចុងក្រោយ
កោះកុងដង្ហោយ ហៅឲ្យ ជួយព្រៃឈើ
ដែន ជាយអារែង យំក្ដែង នាំគ្នាមើល៍
កុំឥតអំពើ ធ្វើងោះ ឈ្លោះបិទបាំង។
សមុទ្រតំបន់ ចារិយ ព្រហ្មព្រៃថ្មោង
ដែនដីព្រៃស្រោង កំពុង ទប់តតាំង
ទល់ក្រុមហ៊ុនចិន បង្ហិន ជាទីតាំង
កើតជាចម្បាំង ប្រឈម យ៉ាងក្លៀវក្លា។
អ្នកបរិស្ថាន ក្លាហាន យ៉ាងស្វិតស្វាញ
ហ៊ានតស៊ូក្រាញ ពុំខ្លាច មរណា
ការពារព្រៃ អារែង កេរដូនតា
សច្ងាតវ៉ា ការពារ ចេញស្រែកថ្កោល។
...
អ្នកស៊ីផល ស៊ីហល់ ស៊ីសល់ ស៊ីចាក់ចោល
អ្នកដេញដោល រត់បោល រត់ចោល គេដេញបាញ់
ចង់ជួយជាតិ ការពារ ធម្មជាតិ គេប្រមាញ់
មិនព្រមចាញ់ គេបាញ់ បង្ក្រាប មិនញ៉មញ៉ាក។
ប្រមូលគ្នា ជាខ្មែរ មិត្តខ្មែរ គ្រប់ទិសទី
សាមគ្គី មូលមីរ មូលមិត្ត ឥតកម្សាក
តស៊ូទប់ ឥតឈប់ ប្រឈម ពុំសម្រាក
លើកទង់ផ្លាក ការពារ ព្រៃឈើ កម្ពុជា។
© rbu_spp Jan 11, 2015 Puthpong Sao


No comments: