Saturday, January 10, 2015

rbu 717 – ម៉ូដ "ខោហែក"


នេះម៉ូដ "ខោហែក" ... មិនមែនចំឡែក ... ហែកខោរយ៉ៃ
បញ្ចេញសាច់ភ្លៅ ... ចង់អួតទាំងថ្ងៃ ... នាងអើយនាងថ្លៃ
ម្ដេចមិនសំយេះ។
បើនាងចិត្តល្អ ... បង្ហាញសាច់ស ... ក្បាលពោះចង្កេះ
គួរតែនាងហែក ... រួចទាញសំយេះ ... ដល់ក្រោមចង្កេះ
បបេះថ្ងាសក្រោម។
នោះពិតជាសឿង ... ចេញផ្កាឈូកព្រឿង ... មុខតែប្រុសចោម
តាមញ៉ែនាងភ្លូក ... ខ្លះលូកប្រលោម ... ព្រោះចាញ់ស្រស់ឆោម
កណ្ដាលបាងកក។
នាងហែកប៉ុណ្ណេះ ... ដូចលាក់តម្រិះ ... ភ្នែកប្រុសៗខក
ខេខឹងតិចអី ... ដូចស្រីចំអក ... លលេងឡឺយឡក
សកសងដងឌឺ។
សម័យឥឡូវ ... រឿងខ្មាសពុំសូវ ... និយាយធ្ចើឮ
ដូចនៅ "លើកដែក"(១) ... ស្រីស្រាតបញ្ឈឺ ... ឌុបម៉ូតូឌឺ
ឮល្បីពេញលោក។
ស្រាតននលគក ... គ្រប់ភ្នែកមើលមក ... ខ្លះថាស្មោកគ្រោក
ខ្លះចំអកថា ... ជាវិនិយោគ ... ទេសចរណ៍ត្រពោក(២)
ស្រុកអច្ឆរិយ/អាច់ឆាក់រ៉ី/។
នាងខ្មែរខ្លះដែរ ... មិនថាក្រុងស្រែ ... ពុំសូវខ្វល់អ្វី
សំយេះកំប៉េះ ... លេចថ្ងាសសាច់ខ្ចី ... ទាំងក៏សូម្បី
ចូលវត្តមុខសង្ឃ៕
(១) ស្រុកលើកដែក ខេត្តកណ្ដាល (ថ្មីៗនេះ)
(២) (សម្ដេច ជួន ណាត) ត្រពោក (ន.) ថ្ពាល់គូទ (ព.បុ.)៖ ដាក់ត្រពោកអង្គុយ គឺដាក់គូទអង្គុយ ។

© rbu_spp 11:24 am Jan 10, 2015 Puthpong Sao


No comments: