Tuesday, January 13, 2015

rbu 720 -- អ្នកហ៊ានមិនខ្លាច


អនុស្សារណ៍ ប្លែកៗ ចែកគ្នាដឹង
រឿងអស់ហ្នឹង អាចជួយ សើចកម្សាន្ត
ចិត្តក៏ស្រាក ពេលឮ ឬក៏អាន
អារម្មណ៍ស្រាន្ត បានសុខ មួយគ្រាដែរ។
មានអ្នកធ្លាក់ ពីលើ ខ្នងក្របី
តែមិនអី ស្រីក្មេង ខ្លាំងពូកែ
ចេញមកប្រាប់ ស្ដាប់ខ្ញុំ ខ្ញុំបកប្រែ
ចេះកាន់ខ្សែ បង្ហប ដឹកចុះទឹក។
ពេលវាស្ងប់ ហប់ហក់ ឡើងលើខ្នង
កាន់ខ្សែផង អង្អែល ថ្នមឲ្យញឹក
មុខតែវា សាំងស៊ាំ គិតភ្នកនឹក
ចង់លេងទឹក មិនផ្អើល បោលចោលម្ចាស់។
វាទុកចិត្ត ដ្បិតតែ ម្ចាស់ទន់ភ្លន់
ផ្សព្វផ្សាយមន្ត មេត្តា វាដឹងច្បាស់
អាសូរសត្វ ស្ងាត់ស្ងៀម ពុំប្រែប្រះ
ឬក្រឡាស់ វៀរតែ ភ្លេចតាមគ្រា។
នៅពេលខ្លះ ត្រូវហែល ឆ្លងកាត់បឹង
មិនបាច់ប្រឹង តោងតែ កន្ទុយវា
ឬជិះខ្នង ហែលឆ្លង ជាមួយគ្នា
ដូចជិះវា នៅគ្រា ឆ្ងងភក់ផុង។
អ្នកហ៊ានមិនខ្លាច អ្នកខ្លាចមិនហ៊ាន
សំខាន់ត្រូវមាន ការប្រយត្នប្រុង
រឿងគ្រោះមានល្អ ឬក៏អ្វីហ្នុង
បើប្រហែសស្លុង ហ្នុងអាក្រក់អាច។
ពាក្យចាស់លោកថា ខ្លាចឲ្យចូលជិត
ចូលកៀកពិនិត្យ បំបាត់ការខ្លាច
ទម្លាប់យូរទៅ ពង្រឹងអំណាច
បាត់ភ័យអស់ខ្លាច មកពីស្គាល់ច្បាស់។
ចុះពាក្យចាស់ថា "អ្នកហ៊ានស្បែកដាច"
"ស្បែកជា អ្នកខ្លាច" ម្ដេចផ្ទុយស្រឡះ?
អ្នកហ៊ានស្បែកដាច ព្រោះ"ប្រថុយ"ណាស់
ពាក្យនេះប្រាប់ច្បាស់ ព្រោះហ៊ាន"ស្មានៗ"។
អ្នកហ៊ានពេញលក្ខណ៍ ចេះជាក់ច្បាស់ការ
មិនធ្វើរឿងណា ដែលប្រថុយប្រាណ
ប្រយត្នគ្រប់សព្វ ពុំរាវប្រមាណ
មិនធ្វើស្មានៗ បានផលស្បែកដាច។
"អ្នកខ្លាចស្បែកជា" មានន័យដោយពិត
បើយើងពិនិត្យ គឺ"ប្រយត្ន" ខ្លាច
ស្មារតីប្រុងប្រៀប ចិត្តរឹងអង់អាច
ពុំមែនគឺ"ខ្លាច" ញ៉ាករានោះឡើយ៕
rbu_spp Jan 11, 2015 Puthpong Sao

No comments: