Sunday, January 4, 2015

rbu 713 -- តាប៉ែតម៉ូតូឌុប


ប្រឹងត្រដររស់ ព្រោះស្រេកឃ្លាន
យកវត្តជាស្ពាន ចុងជីវិត
រត់ម៉ូតូឌុប ចង់រស់ពិត
ទ័លផ្លូវគំនិត ដឹងធ្វើអ្វី(?)
អាយុជិតប៉ែត អត់អ្នកជិះ
គិតប្រឹងរេរិះ រកផ្លូវថ្មី
គិតមិនលេចសោះ ទោះប្រឹងក្ដី
សុំបាយលោកឆី រំលោះឃ្លាន។
ឱ ព្រះកាលអើយ ឥតមេត្តា
ឲ្យតាខ្លោចផ្សា ដូចសុំទាន
ឥតមានអ្នកជួយ ព្រួយព្រោះគ្មាន
ពោះចេះតែឃ្លាន ទារចំណី។
កម្សត់ខ្លួនណាស់ សូមព្រះជួយ
ទីពឹងខ្លួនមួយ រស់ក្រក្រី
កុំឲ្យទីទ័ល នៅជាតិថ្មី
លែងខ្វះអ្វីៗ ដូចជាតិនេះ។
ឱ ជីវិតអើយ សែនទុរគត
ម៉ូតូចាស់រត់ អត់អ្នកជិះ
មិនចិត្តអាក្រក់ ឬគម្រិះ
តែបើហ៊ានជិះ ខ្លាចតាឌុប។
តាវៀរមានឈ្មោះ រស់សូមទាន
ហួសប៉ងធ្វើមាន សូមមួយគ្រប់
ប្រឹងរត់ពីព្រឹក ដល់ព្រលប
សម្រាកពេលយប់ ទាំងហេវហត់។
ជីវិតរត់ឌុប មិនគ្រប់រស់
ក្រហើយជួបគ្រោះ រស់កម្សត់
តើឲ្យធ្វើអ្វី បើគាត់អត់
ព្រេងចារកំណត់ រដ្ឋអត់ជួយ(?)
rbu_spp Jan 4, 2015 Puthpong Sao

No comments: