Monday, December 29, 2014

rbu 704 -- បីឆ្នាំ លុប ដប់?


ការប្រឆាំងនឹង អំពើ ពុករលួយ
ពិតជាអាចជួយ កែប្រែ បានជ្រះធេង
សង្គមស្អាតស្អំ លូតលាស់ លែងកឹបកេង
លួចជាតិបាត់លែង អសោច សារពើ។

យុទ្ធនាការ នេះល្អ ជាជាងអត់ 
បើឲ្យប្រាកដ គួរតែ ចាប់ផ្ដើមធ្វើ
ពីថ្នាក់ដំបូង រៀងមក ឡើងដល់លើ
ផលពេញមិនស្ទើរ ជ្រះស្អាត ចិត្តពីតូច។

ចាំដល់ទីដប់ ទើបផ្ដើម ការអប់រំ
ដូចពាក្យចាស់ទុំ រំឭក ប្រៀបប្រដូច
ពត់ផ្ដៅត្រូវផ្ដើម ពីវា នៅខ្ចីតូច
កូនប្រុសស្រីដូច ប្រដៅ ទាន់នៅក្មេង។

ដប់ឆ្នាំចាំយូរ គន់គូរ គួរលម្អិត
សិក្សាប្រៀនប្រិត ទាំងពេល កុំលេងៗ
អប់រំមនុស្ស វិន័យ ក្រិត្យធំធេង
ពុំអាចគិតឈ្វេង កែក្មេង តាមតែស្មាន។

ចាំដល់ទីដប់ គិតសព្វ ដប់ឆ្នាំពេញ
ខួរក្បាលក្មេងវិញ ណែនប៉ែស ចេះប៉ុន្មាន
ទម្លាប់ដប់ឆ្នាំ ដុះស្លែ កែម្ដេចបាន(?)
ពុំគួរប្រមាណ គិតងាយ និយាយធូរ។

ពុំមែនបីឆ្នាំ ជម្រះ ទម្លាប់ចាស់ 
ជាប់ក្អែលក្រែលក្រាស់ ដុះស្លែ តាំងពីយូរ
ដប់ឆ្នាំទៅហើយ ទើបនឹក កែគិតគូរ
ដូចនិយាយធូរ គិតងាយ ហៅថាធ្វើ។

អប់រំបីឆ្នាំ ចាំចុះ ពុំខុសពី
ចាយលុយចុកស៊ី តែរឿង ឥតអំពើ
ខ្ជះខ្ជាយលុយកាក់ ដូចតែ ឲ្យល្អមើល៍
ផលនៃទង្វើ ជាក់ស្ដែង ស្ដួចស្ដើងណាស់។

សួរចុះដូចឆោត កោតគិត ពិនិត្យមើល
កុំធ្វើជ្រើលៗ ត្រូវតែ ប្រាកដច្បាស់
ធ្វើគម្រូក្មេង ចេញពី ពីមនុស្សចាស់
នោះទើបអាចដាស់ កែក្មេង ជួយសង្គម៕

© rbu_spp 7:21 pm Dec 29, 2014 Puthpong Sao

ប្រទេសខ្ញុំ ភាសាខ្ញុំ...
ឃឹម ច័ន្ទសុអហំ with Thou Sok and 7 others
ប្រទេសខ្ញុំ ភាសាខ្ញុំ...

No comments: