Friday, December 12, 2014

rbu 671 -- ល្ងង់ឡើងធ្វើធំ




មនុស្សខ្មែរសព្វថ្ងៃនិយាយភាសាពីរ គឺ "ភាសាចិត្ត" និង "ភាសាមាត់"។ ខ្មែរទូូទៅ ទាំងអ្នកគាំទ្រស្ថានភាពបច្ចុប្បន្ននៃកម្ពុជា ទាំងអ្នកមិនគាំទ្រ មានភាសាទាំងពីរនេះ។ សម្រាប់អ្នកបានប្រយោជន៍ជាតំណែងបុណ្យសក្តិសម្ភារៈលាភសក្ការៈមុខមាត់ ... ពីស្ថានភាពនេះ ភាសាចិត្តក៏ដូចជាភាសាមាត់របស់គេ មានតែមួយ គឺ ស្ថានភាពបែបនេះល្អ។ ប៉ុន្តែ សម្រាប់អ្នកគិតយល់លើស្ថានភាពសព្វថ្ងៃថាជារឿងសង្វេគនៃកម្ពុជានោះ អ្នកទាំងនេះមាន"ភាសាមាត់" ផ្ទុយពី "ភាសាចិត្ត"។ ខ្មែរទាំងនេះមាន ពួកអ្នកដែលមានតំណែងបុណ្យសក្តិឬប្រយោជន៍ណាមួយជាសម្ភារៈមុខមាត់ ក្នុងរាជការ ឬខ្សែរបរនេះនោះ ពួកគាត់មានចិត្តគិតត្រូវផ្សេង និងប្រើភាសាមាត់និយាយផ្សេង ខ្លាចក្រែងប៉ះពាល់ដល់បុណ្យសក្ដិតំណែង ឬសន្តិសុខខ្លួន។ ឯអ្នកមិននៅក្នុងតំណែងរាជការ តែងប្រើវោហារចំក្ដែងៗ។ កំណាព្យនេះសរសេរលើមូលដ្ឋាននេះ៖
ល្ងង់ឡើងធ្វើធំ នាំហិនជាតិ
ប្រាជ្ញឥតមារយាទ នាំជាតិលង់
ធនធានស្រុកទេស ថែមិនគង់
ទូកដល់កំពង់ លង់ហិនហោច។
អាសូរជាតិខ្មែរ ប្រែវិបល្លាស
កម្សត់ខ្លួនណាស់ សែនអាណោច
អាណិតកូនខ្មែរ រស់ផ្សាខ្លោច
អ្នកធំបេះបោច ចែកឧកញ៉ា។
ទ្រព្យជាតិធ្វើមាន តែគ្នាគេ
សម្បត្តិកោះកេរ ពីដូនតា
ពាយអន្តរធាន ដោយអ្នកណា
ដឹងពុំហ៊ានថា ខ្លាចទុក្ខខ្លួន។
ខ្មែរមានភាសា ពីរត្រូវប្រើ
ភាសាមាត់បើ ត្រូវសំនួន
និយាយឲ្យរួច ពីមាត់ខ្លួន
ក្នុងចិត្តទុក្ខផ្ទួន ពុំហ៊ានថ្លែង។
មួយ "ភាសាចិត្ត" គិតយល់ត្រូវ
មុនថាមើលផ្លូវ ជុំខ្លួនឯង
ឬពុំស្រដី តាមជាក់ស្ដែង
ខ្លាចក្រែងមានទុក្ខ ទោសដល់ខ្លួន។
"ភាសាចិត្ត"នេះ ពុំសូវថា
នឹកខ្លាចសង្ខារ គេគុំគួន
ស៊ូទ្រាំឈឺចាប់ ទួញយំពួន
ដូចឃើញជាតិយួន ចូលពេញស្រុក។
"ភាសាចិត្ត"នេះ ពួកស៊ីពែរ
អ្នកអែបហេះហេ គេរកសុខ
ហៃអើបានគាប់ ទ្រព្យស្រណុក
បើទោះបីស្រុក ទៅមុខស្លាប់។
ពីរ គឺភាសា ថានឹងមាត់
យកគាប់ពន្លាត់ មាត់សារស័ព្ទ
ប្រយោជន៍ក្រុមឯង ផុតឈឺចាប់
ផ្ដែផ្ដាំហាមប្រាប់ ត្រកូលញាតិ។
"ភាសាមាត់"នេះ ខុសពីចិត្ត
ពាក្យពិតពុំស្និទ្ធ មិនគិតជាតិ
"ភាសាចិត្ត"ស្មោះ បែរប្រែឃ្លាត
យំអាណិតជាតិ មិនហ៊ានថ្លែង។
ល្ងង់ឡើងធ្វើធំ នាំហិនជាតិ
ព្រោះធាតុខ្លួនពិត ល្ងង់នោះឯង
ខ្លួនត្រូវពឹងគេ ទ្រព្យត្រូវបែង
កេរជាតិជាក់ស្ដែង ហិនហោចពាយ។
ប្រាជ្ញឥតមារយាទ នាំជាតិលង់
ក៏ព្រោះខ្លួនល្ងង់ អួតងាយៗ
ពានត្រោកម៉ោកម៉ាំង ហិង្សាវាយ
ជាតិបែកបាក់រាយ នោះជាតិលង់៕
© rbu_spp 5:39 pm Dec 12, 2014 Puthpong Sao

No comments: