Saturday, December 6, 2014

rbu 669 -- ទន្លាប់លោតរាយ


ផ្លែទន្លាប់លោត រាយលើដី
ហាក់ដូចខឹងអ្វី នឹងម្ចាស់វា
ទុកក្នុងថង់ហប់ ពុំឲ្យគ្នា
ចេញក្រៅទីលា លោតដើរលេង។
អ្នកលក់ក្បែរនោះ ឌឺដងដាក់
នាងសើចឥតអាក់ បន្លំលេង
ឃើញទន្លាប់ជ្រុះ គូប្រជែង
គ្មានចិត្តគិតឈ្វេង ជួយបន្តិច។
អ្នកលក់ផ្លែឈើ ម្នាក់ស្រីនោះ
លក់មួយសន្ទុះ នៅសល់តិច
ឯម្ចាស់ទន្លាប ដឹងយ៉ាងម៉េច
ឃើញនៅមិនតិច ពេញទាំងខេង។
ស្រីបារាំងម្នាក់ ទើបបានទិញ
ក្រូចឃ្វិចមៀនអ្មិញ(១) នឹងគូក្មេង
ទើបនឹងដើរចេញ ទៅទីផ្សេង
ពួកគាត់ពេទ្យក្មេង ចេញសម្រាក។
អ្នកជនបរទេស ទិញផ្លែណា
មានសំបកថ្លា បកចេញខ្វាក
មើលទៅបែបគិត ខ្លាចប្រឡាក់
មេរោគពិបាក ខ្វល់រវាំង។
ទីនេះជាផ្សារ លក់ចល័ត
កណ្ដាលសង្កាត់ ពេទ្យកៀនឃ្លាំង
ព្យាបាលអ្នកឈឺ ពីយូរយាំង
ទូទាំងស្រុកខ្មែរ ឥតគិតថ្លៃ។
គ្រូពេទ្យបរទេស ជំនាញខ្ពស់
ល្បីល្បាញកេរ្តិ៍ឈ្មោះ ពីស្រុកឆ្ងាយ
បណ្ដាក់វេនគ្នា តាមខែថ្ងៃ
មើលឥតគិតថ្លៃ ជួយខ្មែរក្រ។
អាមេរិកាំង ដុកទ័រ ជឹម (២)
ទឹកមុខញញឹម ពេញចិត្តល្អ
ជាចាងហ្វាងទី ជួយស្មោះសរ
សង្រ្គោះខ្មែរក្រ មិនយកលុយ។
ពេទ្យកៀនឃ្លាំងនេះ ចម្រុះជាតិ
ខ្មែរបារាំងព្រាត មករពុយ
មានទាំងថៃដែរ ស្ម័គ្រឥតលុយ
ឈឺដេកអង្គុយ ជួយសព្វគ្រប់។
(១) អ្មិញ= ពាក្យនិយាយកាត់ពីអំបាញ់មិញ
(២) ដុកទ័រ ជឹម ហ្គោឡូហ្ជី /Dr. Jim Gollogy, Orthopedist/
© rbu_spp 10:27 am Dec 6, 2014 Puthpong Sao


No comments: