Wednesday, December 3, 2014

rbu 668 -- ខ្ទមស្នេហ៍ក្បែរដូង


ខ្ទមស្នេហ៍ក្បែរដូង ននោងយោល
យោងយួរផ្លែទោល លើទួលស្រី
ចាំអូនពីព្រឹក ដល់ម៉ោងបី
ពុំដឹងហេតុអ្វី ស្រីមិនមក។
ឱ ខ្ទមកម្សត់ កត់រឿងស្នេហ៍
ពាក្យយើងស្បថស្បែ ពេលយើងជ្រក
ក្នុងខ្ទមទុរគត ភ្លៀងធ្លាក់មក
ស្នេហ៍ផ្ដើមពន្លក យប់មេឃភ្លៀង។
បងនៅចាំច្បាស់ កាលនោះណា
បងសូត្រកាព្យសារ ជាសំនៀង
កំប្លែងអូនសើច ប្រណាំងភ្លៀង
ដូចបទចម្រៀង ក្រោមភ្លៀងធំ។
"ឱ គូសង្ស័យ បណ្ដូលចេក
"រឭកបងពេក អូនដេកយំ
"រាត្រីត្រជាក់ ធ្លាក់ភ្លៀងធំ
"រងាអូនយំ ឱបខ្នើយគេង"។
ឥឡូវនៅតែ ដានស្នេហ៍កម្ម
អូនភ្លេចលែងចាំ បងសង្រេង
កម្សត់ចាំខ្ទម ចិត្តអូនផ្សេង
ឲ្យបងវង្វេង ភពស្នេហ៍ទុក្ខ៕
© rbu_spp 6:55 pm Dec 3, 2014 Puthpong Sao

No comments: