Monday, December 1, 2014

rbu 664 -- ពូជចោរលួចជាតិ



គេជែងគ្នាមាន ដើម្បីអួត
បង្កើនអំណួត ខ្លួនមានជាង
មិនមែនព្រោះអត់ លួចពង្វាង 
លួចជាតិមិនរាង បំភ្លៃច្បាប់។
គេស៊ីសល់ចោល ស៊ីចាក់ច្រាស
អ្នកក្រ ក្រណាស់ ខ្វះស្ទើរស្លាប់
ស្រេកឃ្លានវេទនា ហួសនឹងប្រាប់
ប្រាប់គ្មានគេស្ដាប់ ពួកលួចជាតិ។
ពេលស្លាប់ជាខ្មោច អសោចកេរ្តិ៍
ពូជជួរគេជេរ ដៀលព្រោងព្រាត
ទ្រព្យយកមិនបាន ទុកឲ្យញាតិ
ជាប់ឈ្មោះលួចជាតិ ព្រោះលោភៈ។
ម្ដេចមិនចេះរស់ ឲ្យឈ្មោះល្អ
ដោយចិត្តស្មោះសរ យសពេញជាក់
ចេះចែករាស្ត្ររស់ ពឹងពំនាក់
លួចលាក់ទ្រព្យនោះ បស់(១)ជាតិទេ។
បង្វែរទ្រព្យជាតិ ធ្វើបស់(១)ឯង
លួចជាតិមិនក្រែង បំភន្តគេ
បំភ្លៃច្បាប់ស្ដែង ឲ្យរាស្ត្រជេរ
អសោចអស់កេរ្តិ៍ ពូជត្រកូល។
ពេលដល់វេរា ជាអាសន្ន
យំភ័យស្លុតស្លន់ គុកហៅចូល
ជាប់គុកទាំងពូជ តាមប្រផ្នូល
ដូចកម្មតាមបូល ផលទាន់ហន់។
(១) បស់ (ភាសានិយាយ) < [រ]បស់ < របស់
© rbu_spp 10:15 am Dec 2, 2014 Puthpong Sao

No comments: