Thursday, December 18, 2014

rbu 677 -- ស្រូវខ្ញុំទៅណា?


កម្រាលព្រំមាស ពាសលើពសុធា
ធ្លាក់ខ្យល់រងា ពីទិសឧត្តរ
ស្រូវទុំពេញស្រែ អ្នកស្រែត្រេកអរ
ទោះបីខ្លួនក្រ រស់ពឹងភ្លៀងមេឃ។
ព្រំមាសល្វើយល្វឹង សន្ធឹងទៅឆ្ងាយ
ដល់នាយរៀងអាយ ផុតកន្ទុយភ្នែក
ស្រូវថ្មីពេញស្រែ តែព្រួយពន់ពេក
អស់ស្រូវសង្វេគ បំណុលរុំកោះ។
ទិញជីជឿទឹក លើស្រែខ្លួនឯង
ផលបានត្រូវបែង ទឹកភ្នែកស្រណោះ
ស្រូវអស់ពីស្រែ លក់សងគេអស់
គ្មានសល់ច្រើនសោះ ដើរលក់កម្លាំង។
នៅសល់តែក្លិន ស្រូវម្អមសាយមក
សំនៀងលលក ជំនោរខែប្រាំង
អង្ករស្រូវថ្មី បាយក្រអូបឆ្នាំង
បើទោះបាយក្ដាំង ក៏ឆ្ងាញ់ពីសា។
អង្ករស្រូវថ្មី លើដីស្រែចាស់
កេរសែនចំណាស់ ច្រើនពាន់វស្សា
គឺគុណស្រែស្រូវ សាងស្រុកមហា
នគរកិត្យា អង្គរល្បាញល្បី។
ស្រែអើយអ្នកស្រែ កូនខ្មែរតកេរ
កម្សត់ម្ល៉េះទេ ក្រឈ្មោះម្ចាស់ដី
កាលណាផុតក្រ រស់ក្នុងសួស្ដី
ពេញភព្វសិរី ប្រែមានដូចគេ?
© rbu_spp 12:01 pm Dec 16, 2014 Puthpong Sao


No comments: