Monday, September 22, 2014

rbu 599 -- ថើបចន្ទ្រលើមេឃ

បេះដូងហែកមេឃ ជ្រែកភពខ្មៅ
ព្រះពាយហួចហៅ កួចព្រលឹង
លម្ហធំធេង ឃើញល្វើយល្វឹង
ភ្នែកមើលរំពឹង ចិត្តមិនក្សាន្ត។

សម្លឹងឃើញចន្ទ្រ ក្នុងវេហាស៍
ចិត្តគិតប្រាថ្នា ឈោងចាប់ចន្ទ្រ
ស្រវាចាប់ផុត ចាប់មិនបាន
ទ្រូងអើយព្រួយប្រាណ ធ្វើយ៉ាងណា?

ឱ មេឃងងឹត ទាបជិតមក
ឲ្យខ្ញុំចាប់យក ចន្ទ្រស្រស់ថ្លា
កំដរជីវិត សែនឯកា
បានស្បើយទុក្ខា នៅម្នាក់ឯង។

ឱ ភក្ត្រចន្ទ្រអើយ ស្រស់ម្ល៉េះទេ
ល្អឯកលើសគេ ស្អាតហួសថ្លែង
ចិត្តចង់បានចន្ទ្រ បីបន្លែង
ផុតទុក្ខចំបែង ក្នុងជីវិត។

ឱ នឹកឃើញហើយ ទោះមិនបាន
ត្រកងបីប្រាណ ចន្ទ្រពិតៗ
ខ្ញុំអាចថ្នមចន្ទ្រ ពុំប្រតិដ្ឋ
បានថើបចំពិត ស្រមោលចន្ទ្រ។

ស្រមោលចន្ទ្រអើយ មានមន្តអ្វី
ឲ្យខ្ញុំនឹកស្រី ភ្លេចមិនបាន
រងាញាប់ញ័រ កំព្រាប្រាណ
ទុក្ខឥតស្រាកស្រាន្ត ជាប់ជានិច្ច

អ្នកគ្រូ Danin Vich

បើចន្ទព្រមរះ ជះពន្លឺ
ម្ដេចអ្នកមិនព្រឺ ប្រឹងព្រឹលធ្មេច
ពេលចន្ទរះនៅ នឹកជានិច្ច
ស្រមោលចន្ទលិច ភ្លេចលែងខ្វល់។

ពេលចន្ទមិនរះ ប្រឹងស្រែកហៅ
ស្រមោលចន្ទខ្មៅ ឈោងមិនដល់
ខំស្រែកហាក់ចិត្ត គិតកង្វល់
ចិត្តច្រួលច្របល់ ខ្វល់ចង់ថើប។

ថើបពីចម្ងាយ ស្ដាយរូបចន្ទ
បានស្នេហ៍ថែកាន់ ហាក់បង្ហើប
បង្ហាញចិត្តក្បត់ ចត់ចិត្តស្រើប
បែកបែរប្រែថើប តារាថ្មី។

Sao Puthpong៖

ទេៗ ដួងចន្ទ្រ សូមមេត្តា
ចិត្តមិនប្រាថ្នា បោកប្រាសស្រី
សូមតែចន្ទ្រថ្លា ត្រាប្រណី
មេឃជាសាក្សី នៃចិត្តស្មោះ។

បើអាចវះបាន បេះដូងពិត
បង្ហាញវរមិត្ត ឃើញទាំងអស់
តែមានន័យអ្វី លែងស្រណោះ
បើអស់សង្ខារ ចោលចន្ទ្រអូន។

ឃើញទេៗ ក្នុងវេហាស៍
ពុំមានតារា ងងឹតសូន្យ
ទ្រូងខ្ញុំរងា ចិត្តស្រពោន
ហេតុអ្វីចន្ទ្រអូន ដាច់អាល័យ?

© rbu_spp 6:21 pm Sept 22, 2014 Puthpong Sao

Photo

No comments: