Tuesday, September 16, 2014

rbu 589 -- ចាបកន្លង់


ឱ ចាបកន្លង់ ក្រឡេកត្រង់ រកចំណី
រក ដង្កូវក្ដី សត្វល្អិតអ្វី ផ្ញើបុត្រភ្ងា
នែ៎ ហ្នឹងជីវិត ជារឿងពិត ធ្វើគ្រប់គ្នា
គឺ រស់គ្រប់គ្រា ត្រូវការវា ចំណីហ្នឹង។
នេះ នាងជាមេ ប្រឹងគ្នាន់គ្នេរ ចិញ្ចឹមខ្លួន
និង មើលថែថួន ថែបុត្រស្ងួន តូចច្រឡឹង
នែ៎ នៅតូចៗ មេក៏ដូច បាខំប្រឹង
គិត ខ្វល់រឿងហ្នឹង គ្រប់គ្នាដឹង គុណមេបា។
ឱ ចាបកន្លង់ ខ្លះហៅត្រង់ ចាបដង្កូវ
អ្នក ហើរតាមផ្លូវ រកដង្កូវ ជាអាហារ
តាម គ្រប់ច្រកល្ហក ស្វែងពុំខក ទីណាៗ
ទោះ ភ្លៀងម្ដេចម្ដា ក្ដៅយ៉ាងណា ពុំនឿយណាយ។
ឮ សំនៀងអ្នក គ្រលួចជាក់ ភ្លេងធម្មជាតិ
ពិត កំដរញាតិ ឲ្យចាកឃ្លាត ទុក្ខរសាយ
មែន បានមួយគ្រា អ្នកច្រៀងលា ផុតខ្វល់ខ្វាយ
ដូច បានសប្បាយ លាទៅឆ្ងាយ ស្អែកវិលវិញ៕
© rbu_spp 8:55 am September 17, 2014 Puthpong Sao
Olive-Backed Sunbird. ចាបកន្លង់ពណ៌អូលីវ
Date: 06-July-2014
Location: Kandal Province.

No comments: