Tuesday, June 10, 2014

rbu មន្តស្នេហ៍មុខ"ភ្ញៀវ"(១)

មន្តស្នេហ៍មុខ"ភ្ញៀវ"(១)

តើ"ភ្ញៀវ"មុខជូរ ឬរសផ្អែម
បានភ្លក្សសូមថែម ឲ្យដឹងសព្វ
បើភ្ញៀវរសផ្អែម ពេញសំណព្វ
មុខម្ចាស់បង្កប់ មន្តស្នេហ៍អ្វី។

មើលភ្ញៀវសម្លឹង តែមុខម្ចាស់
ញញឹមស្រស់ណាស់ ស្រីអើយស្រី
បើបានមកបង ថ្នមបមបី
លោកិយទាំងមូល ប្រែឋានសួគ៌។

មើលភ័ក្ត្រម្ចាស់ភ្ញៀវ ស្រៀវបេះដូង
សក់បងបះច្រូង ពុំហ៊ានសួរ
ក្រែងពាក្យពុំគាប់ ពោលពុំគួរ
ខ្លាចតែញញួរ ដេញសួរបង។

ខ្លះខ្លាចដុំឥដ្ឋ ឬដុំថ្ម
ឯបងស្មោះសរ ខ្លាចនួនល្អង
ប្រកែកដោះសា ចប់តែម្ដង
ឱពៅមាសបង ស្រី"ភ្ញៀវ"ស្រស់។

"ចង់"ភ្ញៀវប្រាថ្នា ចូលជិតម្ចាស់
សួរចិត្តឲ្យច្បាស់ ដឹងឲ្យអស់
ទើបហ៊ានមើលផ្លូវ សព្វចន្លោះ
របងមិនផ្លោះ ចូលតាមទ្វារ។

ម្ចាស់ភ្ញៀវចម្ការ វាចាមក
ឲ្យបងស្រួលរក ផ្ទះពម្ងា
ចូលឲ្យចំផ្លូវ តាមច្រកទ្វារ
គ្រាន់បានជាគ្នា ជាគូអូន៕

(១) ពាក្យ"ភ្ញៀវ" ប្រើក្នុងទីនេះដូចសរសេរក្នុងអព្ភន្តរសញ្ញាបញ្ជាក់ស្រាប់ ជាពាក្យក្លែមន័យ ពេលដែល រុក្ខជាតិវិញ គឺ "ផ្ញៀវ (ន.) ឈ្មោះឈើមួយប្រភេទ មានផ្លែចេញពីមែកឬពីដើមជាចង្កោមៗ មានរសជូរអែមឬជូរ បរិភោគជាចំណីបាន។" 



... http://r-b-u.blogspot.com/ កំណាព្យ ៣ ភាសា ខ្មែរ English Français

No comments: