Sunday, February 23, 2014

rbu អ្នកពូកែ មានឈ្មោះល្បី អ្នកឆ្លាត ក្លាយជាសេដ្ឋី

អ្នកពូកែ តែងតែ បានឈ្មោះល្បី
ធ្វើការអ្វី ល្បីឈ្មោះ ព្រោះស្មោះសរ
ការផ្ចិតផ្ចង់ ត្រង់ត្រូវ សុចរិតល្អ
កេរ្តិ៍បវរ ក៏ព្រោះ ចេះពូកែ។

ឯអ្នកឆ្លាត សង្វាត ប្រយោជន៍ទ្រព្យ
ចេះគន់គាប់ រាប់ប្រើ អ្នកពូកែ
បង្កើតទ្រព្យ កើនជាប់ គរហូរហែ
ដោយសារតែ កែឆ្លាត ប្រើអ្នកចេះ។

ពុំប្រតិដ្្ឋ(១) រឿងពិត ពេញលោកា
នគរណា កើតការ មានដូច្នេះ
អ្នកឆ្លាតច្នៃ លៃឆ្លៀត ប្រើអ្នកចេះ
ប្រែតម្រិះ កើតជា ទ្រព្យអ្នកឆ្លាត។

ទុនចំណេះ អ្នកចេះ អ្នកពូកែ
ត្រលប់បែរ ប្រែជា ទ្រព្យសង្វាត
ជាប្រយោជន៍ ប្រត្យក្ស នៃអ្នកឆ្លាត
ចេះសង្វាត ចែងចាត់ គិតត្រូវការ។

តាមL' Express រឿងនេះ មានគម្រូ
ស្រាវជ្រាវយូរ ផ្គូរផ្គង និងកត់ត្រា
គ្រឹះស្ថានខ្លាំង បារាំង ពីរសាលា
Technoណា សាលា Normaleពីរ។

អ្នកលេខ១ លេខ២ ឬលេខ៣
Technoល្បី រដ្ឋលៃ ជូននាទី
តំណែងធំ ស័ក្តិសម ប្រាជ្ញពុទ្ធី
មុខនាទី ពេញគាប់ ស័ព្ទកិត្យា។

ឯលេខប្រាំ ប្រាំមួយ លំដាប់ទៅ
ក៏សល់នៅ ត្រូវប្រឹង រកកិច្ចការ
ក្នុងក្រុមហ៊ុន ឯកជន ស.រ.អា.
កើតសាច់ការ ក្លាយជា អ្នកមានធំ។

(១)ប្រតិដ្ឋ (ជាពាក្យដើមត្រឹមត្រូូវនិងអានថា "ប្រឌិត") > ប្រឌិដ្ឋ > ប្រឌិត

ខ្ញុំបានអានទស្សនាវដ្ដីភាសាបារាំង L' Express ក្នុងដើមទសវត្សរ៍ទី៩០។
មានអត្ថបទមួយនិយាយអំពីការសិក្សានិងស្រាវជ្រាវលើវិស័យអប់រំនៅ
ប្រទេសបារាំង។ សិស្សបញ្ចប់មធ្យមសិក្សា(បាក់ឌុប)បារាំង អ្នកពូកែមុខ
វិជ្ជាបច្ចេកទេសវិទ្យាសាស្ត្រតែងទៅរៀននៅសាលាPolytechnique ហើយ
អ្នកជាប់លេខ១ លេខ២ លេខ៣ ជាអ្នកប្រាជ្ញក្មេង តែងតែត្រូវរដ្ឋផ្ដល់ការ
ងារកិត្តិយសខ្ពស់ ឯអ្នកជាប់លេខ៥ ៦ .. ជាទូទៅត្រូវរកការងារធ្វើខ្លួនឯង
ទៅធ្វើការនៅក្រុមហ៊ុនឯកជននៅអាមេរិក និងដូច្នេះមានឱកាសក្លាយជា
អ្នកមានធំ។

នៅប្រទេសបារាំង មានសាលាល្បីខ្លាំងពីរEcole Polytechnique និងEcole
Normale Supérieure។ គេចែក Options ជា A, B, C, D, E។

No comments: