Thursday, April 10, 2014

rbu វិមានម្នាស់សិររយ

(នៅពេលអ្នកបង្កើតបានទម្លាប់ល្អនៃការអានហើយនោះ អ្នកនឹងដឹងថា
"ការអានមានប្រយោជន៍" Reading Benefits You http://r-b-u.blogspot.com/)

នេះម្នាស់ក្បាលរយ បង្ហាញរាង
ផ្លែទោលទប់ធាង ចង្គ្រាងញែក
ខ្លួនមួយព័ទ្ធដោយ ហៅ"ពាន់ភ្នែក"
ដើមពុំមានមែក បែកតែក្ដៀង។

ឃើញផ្លែម្នាស់នេះ នឹកសម័យ
ប៉ុល ពត ប្រល័យ មនុស្សរៀងៗ
មិនថាមេឃក្ដៅ យប់ឬភ្លៀង
សម្រែកសូរសៀង ដង្ហោយហៅ។

រកអ្នកសង្គ្រោះ រួចជីវិត
ឬផ្ដាំអ្នកជិត ប្រាប់ញាតិផៅ
សង្ខាររលត់ សែនសោកសៅ
ប៉ុល ពត អាវខ្មៅ សែនព្រៃផ្សៃ។

អង្គការ"ភ្នែកម្នាស់" ទាស់ពុំបាន
ចិត្តជួសាមាន្យ ឃោរឃៅក្រៃ
ចាប់ចងដាក់គុក ខ្នោះជើងដៃ
ប្រល័យប្រហារ មិនកាត់ក្ដី។

មិនថាព្រះសង្ឃ ចាស់ជរា
អ្នកឈឺនានា ទារកក្ដី
អង្គការ"ភ្នែកម្នាស់" ពុំប្រណី
ទាំងប្រុសទាំងស្រី ជាងមួយលាន។

ម្នាស់នេះម្នាស់ទោល គល់តែមួយ
ជ្រោងទល់ទ្រជួយ ជ្រែងពុំមាន
នៅទីណាឡើយ ដូចជើងពាន
ឬដូចវិមាន ម្នាស់សិររយ។

No comments: