Thursday, December 19, 2013

rbu ជុំវិញពាក្យ"យួន"

មិនមែនទេអ្វី ន័យមើលងាយ
ពាក្យខ្មែរនិយាយ ច្រើនសតវត្សរ៍
ហៅ"យួន"ថា"យួន" ជាទៀងទាត់
កុំពោលពន្លាត់ ខុសន័យពិត។

ពាក្យ"យួន"ខ្មែរប្រើ ជាធម្មតា
បើទោះន័យវា តាមគំនិត
អ្នកប្រើសង្កត់ ប្រែប្រួលពិត
គំនិតបញ្ចេញ តាមសម្ដី។

បើប្រើសង្កត់ ក្នុងន័យដៀល
បន្តុះឆ្កឹះឆ្កៀល ឌឺសេចក្ដី
នោះអាចប្រមាថ ទៅតាមន័យ
ធ្ងន់ស្រាលស្រដី តាមសំឡេង។

ប៉ុន្តែបើប្រើ តាមធម្មតា
សុភាពរាបសា ពុំឆ្លៀតកេង
ដូចពាក្យក្មេងប្រើ និយាយលេង
ពុំគួរវង្វេង ស័ព្ទមេត្រី។

ព្រះពុទ្ធលោកប្រៀន ប្រដៅសត្វ
ឲ្យចេះប្រយ័ត្ន ពាក្យសម្ដី
ពេលប្រើឲ្យគិត និងលកលៃ
ប្រយោជន៍វចី ផលតាមកម្ម។

"វត្តបដិបត្តិ បរិយាយ"
មានលើកនិយាយ ឲ្យចងចាំ
សម្ដីបួនបែប កត់ចំណាំ
ជាកម្មឲ្យផល បួនយ៉ាងដែរ។

សង្ខេបឧទា ហរណ៍ខ្លីៗ
ដូចជាស្រដី៖ "ឯងប៉ោឡែ
ជាចោរសាមាន្យ មារយាទឆ្កែ"
នោះក៏មុខតែ រងប្រតិកម្ម។

បើធារសំឡេង បែបជាមិត្ត
ទន់ភ្លន់ពិតៗ ពុំដៀលដាំ
ចាក់ដោតរុកគួន ចងពៀរកម្ម
នោះប្រតិកម្ម មិត្តធម្មតា។

បើទម្ងន់ពាក្យ ជាបងប្អូន
ស្និទ្ធស្មោះដូចកូន រួមមាតា
និយាយសារស័ព្ទ គ្មានរអា
ពុំមាននរណា ចាប់ទោសទេ។

បើប្រើទម្ងន់ ពាក្យបច្ចា
ដំឡើងវោហារដៀល ស្ដីជេរ
ឲ្យគេឈឺចាប់ ប្រមាថគេ
នោះធម្មតាទេ អ្នកឈ្លោះគ្នា។

បើប្រើដូចពាក្យ ម្ដាយឪពុក
រៀបរាយទំនុក ស្ដីបុត្រភ្ងា
ពាក្យអស់ខាងលើ ក៏មុខជា
គ្មាននរណាថា រើសអើងដៀល។

ពាក្យ"យួន"ពេលប្រើ ដូចគ្នាដែរ
គ្រាខ្មែរប្រើវា មិនឆ្កឹះឆ្កៀល
និយាយធម្មតា មិនដំណៀល
ពុំគួររុកឆ្កៀល ថារើសអើង៕

ការអានមានប្រយោជន៍ កំណាព្យ៣ភាសា
Reading Benefits You, Poems in 3 Languages,
ខ្មែរ Khmer, English, Français http://r-b-u.blogspot.com/

No comments: