Sunday, September 8, 2013

(rbu) គ្មានសង្គ្រាមលុះត្រាតែមេដឹកនាំមិនអួតសង្គ្រាម




ប្រទេសគ្មានសង្គ្រាម មានមេដឹកនាំមិនអួតសង្គ្រាម

ប្រទេសមួយមាន សន្តិភាព
ខ្ញុំសូមជម្រាប ដោយន័យសព្វ
គេមិនឆ្កួតធ្វើ សង្គ្រាមឡប់
ព្រោះតែយល់ស័ប្តិ ឆ្កួតអំណាច។

នគរបានសុខ សន្តិភាព
ត្រូវតែមានច្បាប់ រាស្ត្រមិនខ្លាច
មិនមែនរាស្ត្រយំ ព្រោះអំណាច
កោងកាចឃោរឃៅ ញៀនហូរហៀរ។

អ្នកណាដឹកនាំ ជារឿងធំ
តែផ្ដាច់គំនុំ កុំចងពៀរ
ពុំមែនដូចអ្នក ចង់ជៀសវៀរ
ចង់កៀរផាត់ចោល ឆ្នោតត្រឹមត្រូវ។

គឺដូចប្រទេស អភិវឌ្ឍ
អនុវត្តទៀងទាត់ ច្បាប់ត្រង់ផ្លូវ
បោះឆ្នោតសុចរិត ប្រព្រឹត្តត្រូវ
កុំសូវយករាស្ត្រ ជាល្បែងបោក។

ខ្មែរទាំងអស់គ្នា ដឹងហើយតើ
តែកុំបីប្រើ ល្បិចគ្រោកស្មោក
រាប់ឆ្នោតស្មោះពិត កុំគិតបោក
លះល្បិចណាថោក កុំយកប្រើ។

អ្នកដឹងការពិត គិតអាម៉ាស់
មានភ័ស្តុតាងច្បាស់ ដឹងថាអើ
ជារឿងទុរយស ពុំគួរបើ
គេយកមកប្រើ យ៉ាងស្មោកគ្រោក។

បើអ្នកណាឈ្នះ មិនសំខាន់
ត្រូវធ្វើឲ្យបាន ជាជ័យជោគ
រៀបគ.ជ.ប. លែងស្មោកគ្រោក
នោះទៅថ្ងៃមុខ អស់បញ្ហា។

ខ្មែរចង់បានសុខ យុត្តិធម៌
ដូច្នេះត្រូវឈរ លើតម្លា
រាប់ឆ្នោតត្រឹមត្រូវ ឈប់តវ៉ា
នោះអស់បញ្ហា ដោះស្រាយចប់៕

     ភ្នំពេញ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៣

      សៅរ៍ ពុធពង្ស
នាយកប្រតិបត្តិ អង្គការខ្មែរវិវឌ្ឍ (KIPO)


Siem Reap's My Home
ខាងក្រោមនេះគឺជាការយល់ឃើញ ដែល សៀមរាប ផ្ទះខ្ញុំ គោរពនិងអោយតំលៃខ្ពស់។

អ្នកណាឈ្នះ អ្នកណាដឹកនាំប្រទេសមិនសំខាន់ទេ សំខាន់គឺការដឹកនាំដែលនាំឲ្យប្រទេសមានការរីកចម្រើន ការគោរពសិទ្ធិមនុស្ស បែងចែកតួនាទី និងការទទួលខុសត្រូវទៅលើអ្វីដែលខ្លួនបានប្រព្រឹត្ត និងគិតអំពីសុខទុក្ខរបស់ប្រជារាស្ត្រឲ្យបានច្រើន។ ព្រោះថា បើគេមើលងាយថា ខ្មែរអន់ ខ្មែរឈ្លោះគ្នា គឺវាប៉ះពាល់ទាំងអស់គ្នា (ទាំងអ្នកនៅក្នុងប្រទេស និងក្រៅប្រទេស) ព្រោះយើងមានឈឺជ័រជាជាតិខ្មែរទាំងអស់គ្នា។

សូមមេត្តាបញ្ឈប់ការរើសអើងជាតិសាសន៍ដ៏ទៃ សូមឈប់លាបពណ៌ឲ្យគ្នាទៅវិញទៅមក....សូមគិតពីការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ និងត្រៀមខ្លួនសម្រាប់សមាហរណកម្មអាស៊ាននៅក្នុងឆ្នាំ២០១៥ខាងមុខនេះទាំងអស់គ្នា។

ក្នុងនាមជាកូនខ្មែរ និងជាអ្នកសិក្សាស្រាវជ្រាវម្នាក់ ខ្ញុំសូមសម្តែងការអបអរសាទរចំពោះការប្រកាសលទ្ធផលការបោះឆ្នោតជាផ្លូវការរបស់អាជ្ញាធរជាតិរៀបចំការបោះឆ្នោត និងអបអរសាទរដល់គណបក្សនយោបាយទាំងពីរដែលមានអសនៈនៅក្នុងរដ្ឋសភា។ ជាងនេះទៅទៀត អបអរសាទរចំពោះការបង្កើតរាជរដ្ឋាភិបាលនៅក្នុងពេលខាងមុខនេះ ហើយសង្ឃឹមថាប្រទេសកម្ពុជានឹងមានការអភិវឌ្ឍន៍កាន់តែខ្លាំង និងមានឈ្មោះថា "កោះសន្តិភាព" នៅអាស៊ីអាគ្នេយ៍។

ខ្ញុំត្រៀមខ្លួនងរួចជាស្រេចក្នុងការបម្រើជាតិ មាតុភូមិដ៏បវរដែលខ្ញុំស្រឡា្ញញ់ស្មើជីវិត។ សូមឲ្យស្មារតីនៃការបង្រួបបង្រួមជាតិ សាមគ្គីភាពជាតិ និងការអភិវឌ្ឍន៍ជាតិ ស្ថិតនៅក្នុងដួងចិត្តរបស់កុលបុត្រខ្មែរគ្រប់រូប។ ៉

ភ្នំពេញ, ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៣
ចិន្ត ច័ន្ទរតនា
ប្រធានមូលនិធិកេរដំណែលខ្មែរ

No comments: