Saturday, October 19, 2013

rbu Six Ways in Learning រៀនមានអង្គប្រាំមួយ៖ សុ. ចិ. បុ. លិ. វា. អ/វ.

មិនមែនបួនទេ ប្រាំមួយយ៉ាង
ខ្ញុំមានសំអាង ន័យសកល
គឺប្រាំមួយពិត ពុំមានសល់
អ្នកអើយកុំឆ្ងល់ ច្បាស់ប្រាំមួយ។

"សុ.ចិ.បុ.លិ." ពិតមែនហើយ
ពីរទៀតចម្លើយ ចាំគិតជួយ
ការរៀនត្រូវមាន ក្បួនច្បាស់មួយ
ប្រាំនិងប្រាំមួយ អ្វីដឹងទេ?

"វា."នេះច្បាស់ជា មិនចម្លែក
ពុំអាចប្រកែក គិតគ្នាន់គ្នេរ
គឺ"សម្ដី"ច្បាស់ "វាចា"កេរ្តិ៍
"និយាយ"មែនទេ ត្រូវរៀនដែរ។

មិន"រៀននិយាយ" ខ្វះធាតុផ្សំ
""ពាក្យមិនចំ ពុំពូកែ
ពុំពេញចំណេះ នោះមុខតែ
ចាញ់អស់ផ្លូវកែ ពេលប្រកួត។

"សម្ដីជាឯក" ពាក្យបុរាណ
ប្រដៅប៉ុន្មាន ចេះជ្រាបជ្រួត
និយាយពូកែ តែកុំអួត
កុំឆ្កួតស្រវឹង នឹងទឹកមាត់។

កុំភ្លេចមួយទៀត ចាំបាច់ណាស់
សូមចាំឲ្យច្បាស់ កុំភ្លេចភ្លាត់
ចេះប្រាំបើមិន អនុវត្ត
នោះច្បាស់ប្រាកដ ដូចអត់រៀន។

ទីប្រាំមួយនោះ "អនុវត្ត"
ប្រាំទ្រឹស្ដីបទ គ្រឹះរបៀន
ចេះប្រាំមិនប្រើ បោះចោលកៀន
ដូចឥតបានរៀន អ្វីប្រាកដ។

ចាំណា"រៀនមាន អង្គប្រាំមួយ"
ចំណេះលើកស្ទួយ ចាំឲ្យស្ទាត់
មាន"ប្រាំមួយ"យ៉ាង រៀនទៀងទាត់
"អ្នុវត្ត(១).សុ.ចិ. បុ.លិ.វា."។

"សុ."ស្ដាប់"ចិ."គិត "បុ."គឺសួរ
"លិ."កត់ការគួរ "វា."វាចា
"អនុវត្ត"ផង អង្គសិក្សា
ប្រាំមួយប្រការ ទើបពេញគ្រប់៕

កំណត់៖ 
(១) អ្នុវត្ត ជាពាក្យតម្រូវព្យាង្គកាព្យកាត់ខ្លីពី "អនុវត្ត" ជាកិរិយាស័ព្ទ មានន័យថា ធ្វើ

សៅរ៍ ពុធពង្ស © រក្សាសិទ្ធិ
ទូរស័ព្ទ៖ (+855)(0) 1267 6784E-mail: saoputhpongs2@gmail.com
អង្គអ្នករៀនមានបួនយ៉ាង — with ពន្លឺ រាត្រី and 19 others.

No comments: