Tuesday, October 15, 2013

rbu ថ្វាយបង្គំព្រះបរមរតនកោដ្ឋ


សម្រាប់ខួបមួយឆ្នាំនៃការសោយព្រះទីវង្គតនៃព្រះករុណាព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ (ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ -- ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣)
ទូលព្រះបង្គំ ភរិយានិងបុត្រធីតា

សូមក្រាបថ្វាយបង្គំ ព្រះបរមវិញ្ញាណក្ខ័ន្ធ
ព្រះបរមរតនកោដ្ឋ

សូមព្រះអង្គទ្រង់សោយសុគតិភព ក្នុងសួគ៌សុខភិរម្យ តាមព្រះរាជកុសល និងសេច
ក្ដីសុខសន្តិភាព ដែលព្រះអង្គបានបំពេញព្រះរាជកិច្ចដ៏ឧដុង្គឧត្តមប្រើជាតិមាតុភូមិនិងប្រជា
រាស្ត្រខ្មែរជាទីមេត្តាករុណារបស់ព្រះអង្គ ដោយព្រះអង្គពុំបានខ្វល់ខ្វាយបន្តិចណាអំពីព្រះ រាជទ្រព្យផ្ទាល់របស់ព្រះអង្គឡើយ ដូចដែលប្រជារាស្ត្រខ្មែរ មិត្តភ័ក្ដិរបស់ព្រះអង្គទាំងខ្មែរ និងបរទេសជាសាក្សីបន្ទាល់ ថាព្រះអង្គជាព្រះប្រមុខរដ្ឋដ៏ក្រីក្របំផុតបណ្ដាមេដឹកនាំជាតិ និងពិភពលោក។

សម្រាប់ទូលព្រះបង្គំ ដូចដែលឪពុកទូលព្រះបង្គំ លោកគ្រូ គាំ សៅរ៍ ជនសីហនុនិ យមដ៏ប្ដូរប្ដេជ្ញតែងតែរំឭកទូលព្រះបង្គំជាកូនៗតាំងតែពីលោកនៅមានជីវិតថា "សម្ដេចឪ លោកជាស្ដេចដ៏ល្អបំផុតសម្រាប់ជាតិនិងប្រជារាស្ត្រខ្មែរ។ ព្រះចេះដឹកនាំប្រទេសជាតិបាន
សប្បាយក្នុងការងារ ..."។
ក្នុងអតីតអាជីពជាអ្នកសារព័ត៌មាន ទូលព្រះបង្គំខ្ញុំពុំដឹងថា តើមានអ្នកកាសែតជា
ឯកត្តជនប៉ុន្មាននាក់ទេដែលព្រះអង្គបានផ្ញើព្រះរាជចុតហ្មាយផ្ទាល់កោតសរសើរការងារ
របស់អស់លោកលោកស្រីនោះ។ ប៉ុន្តែ ទូលព្រះបង្គំខ្ញុំពិតជាអ្នកកាសែតឯកត្តជនម្នាក់បាន ទទួលការប្រោសប្រទានមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ពីព្រះអង្គដែលបានផ្ញើព្រះរាជសារផ្ទាល់ មកទូលព្រះបង្គំខ្ញុំ ចំពោះអត្ថបទរបស់ទូលព្រះបង្គំ។
ទូលព្រះបង្គំក៏មានមហាកិត្តយសផងដែរ ដែលអត្ថបទមួយចំនួនទៀតរបស់ទូល ព្រះបង្គំក្នុងស្មារតី"ជាតិរាជានិយមប្រជាធិបតេយ្យទំនើប"ដែលមានចុះផ្សាយក្នុងកាសែត
និន្នាការប្រជាធិបតេយ្យនានា ព្រះករុណាបានចុះផ្សាយក្នុងព្រឹត្តិប័ត្រប្រចាំខែBulletin Mensuel de Documentation របស់ព្រះអង្គ។

មួយឆ្នាំកម្ពុជា ឃ្លាតព្រះអង្គ
ទឹកចិត្តស្រយង់ សោកាល័យ
បើអាចច្បាំងឈ្នះ មច្ចុ៍ចង្រៃ
ពួកយើងស៊ូក្ស័យ ការព្រះអង្គ។

មច្ចុរាជកំណាច ផ្ដាច់ព្រះជន្ម
ចមក្សត្រប្រិយមន្ត សែនយង់ឃ្នង
បំព្រាត់រាស្ត្រខ្មែរ ពីព្រះអង្គ
យើងបួងសួងផ្សង ជួបក្សត្រថ្លៃ។

ជាតិនេះជាតិមុខ ឬជាតិណា
កូនចៅខេមរា នៅអាល័យ
ផ្សងជួបព្រះអង្គ ក្សត្រឆ្នើមក្រៃ
កម្ពុជាថ្លៃ សុខវឌ្ឍនៈ។

សូមលើកករ ប្រណម្យ បង្គំថ្វាយ
អង្គក្សត្រថ្លៃ សូមយោន ឋានសុគៈ
តិភពទាំង ស្គាល់តែ ឋានសួគ៌មគ្គ
បានទៀងជាក់ តាមថែ ព្រះជននី។

ទូលបង្គំ យើងខ្ញុំ ថ្វាយព្រះពរ
ព្រះភូធរ អង្គក្សត្រ ព្រះភូមី
ព្រះមហា ក្សត្រសី ហមុនី
និងក្សត្រី មហា សម្ដេចម៉ែ។

សូមគង់នៅ ជាម្លប់ ដ៏សែនសុខ
តទៅមុខ អង្វែង នគរខ្មែរ
សុខសិរី សួស្ដី ពុំកែប្រែ
សូមព្រះម៉ែ អង្គក្សត្រ ព្រះជន្មយូរ៕

ខាងក្រោមនេះជាព្រះរាជចុតហ្មាយ ព្រះករុណាព្រះមហាវីរក្សត្រស្ដេចផ្ញើ
មកខ្ញុំផ្ទាល់៖

នរោត្តម សីហនុ
នៃកម្ពុជា
ជូន លោកនិពន្ធនាយកសារពត៌មាន “ឧត្តមគតិខ្មែរ”
លោកជាទីរាប៉អាន និងស្រឡាញ់ដ៏ជ្រាលជ្រៅ
ខ្ញុំសូមសំដែងនូវអំណរគុណ និងកតវេទិតាដ៏ជ្រាលជ្រៅចំពោះអត្ថបទដ៏មានសារៈសំ ខាន់របស់លោកក្រោមចំណងជើង”ប្រជារាស្ត្រខ្មែរច្រើនលើសលប់ស្រឡាញ់ស្ដេចនិងរបបរា ជានិយម” នៅក្នុងទំព័រសារពត៌មាន ”ឧត្តមគតិខ្មែរ” ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៥ ដែលផ្ដល់យុត្តិធម៌ថ្វាយមហាក្សត្រខ្មែរ និងខ្ញុំ ព្រមទាំងព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី។
ខ្ញុំសូមលោក និងសហការី សហការិនីទាំងអស់នៃសារពត៌មាន “ឧត្តមគតិខ្មែរ” បានប្រ កបតែនឹងពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមលោកទទួលនូវសេចក្ដីរាប់អាន និងស្រឡាញ់ដ៏ជ្រាលជ្រៅ អំពីខ្ញុំ ។

ប៉េកាំង ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០០៥
នរោត្តម សីហនុ


វិចារណកថា

ប្រជារាស្ត្រខ្មែរច្រើនលើសលប់បង្ហាញការស្រឡាញ់ស្ដេចនិងរបបរាជានិយម

មកដល់ថ្ងៃអង្គារទី៧ខែមិថុនានេះ ព្រះករុណាសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រថ្មីនៃកម្ពុជា ស្ដេចបានយាងចុះជួបសួរសុខទុក្ខនិងដើម្បីឃើញជីវភាពផ្ទាល់ នៃប្រជារាស្ត្ររបស់ព្រះអង្គជាលើកទី១៧ហើយ ចាប់តាំងពីពេលដែលព្រះអង្គបានឡើង សោយរាជ្យសម្បត្តិបន្តពីព្រះវរៈរាជបិតារបស់ព្រះអង្គ ព្រះករុណាសម្ដេចឪ ព្រះបាទ នរោត្តម សីហនុ ជាផ្លូវការកាលពីថ្ងៃទី២៩ខែតុលាឆ្នាំ២០០៤មក ថ្ងៃនេះព្រះអង្គយាងជួប ប្រជារាស្ត្រក្នុងចំនួនច្រើនម៉ឺននាក់ដែលរង់ចាំស្វាគមន៍ថ្វាយបដិសណ្ឋារកិច្ចនៃការយាង របស់ព្រះអង្គនៅឯពិធីមួយរៀបចំឡើងក្នុងបរិវេណវិទ្យាល័យសម្ដេចឪ ក្នុងក្រុងសេរីសោ ភ័ណ ធានីខេត្តបន្ទាយមានជ័យ។

ចាប់តាំងពីពេលដែលព្រះអង្គឡើងសោយរាជ្យបានរយៈពេលជាងកន្លះឆ្នាំមកនេះ ពេលព្រះអង្គយាងទៅជួបប្រជារាស្ត្រតាមបណ្ដាខេត្តជនបទទាំង១៧លើកទាំងនៅថ្ងៃនេះ
ផង គេកត់សម្គាល់ឃើញប្រជារាស្ត្រខ្មែរគ្រប់ទីកន្លែង ពពាក់ពពូនច្រើនសន្ធឹកសន្ធាប់ ដោយទឹកមុខញញឹមជាប់បានកាត់ពីទីភូមិឃុំស្រុកឆ្ងាយៗឆ្លងខេត្តខ្លះឡើងតាំងពីព្រលឹមរំលងអធ្រាត្រមករង់ចាំទទួលព្រះមហាក្សត្រថ្មីដោយសេចក្ដីសង្ឃឹមថានឹងបានស្ទាបប៉ះព្រះហស្តរបស់ព្រះអង្គឬឃើញព្រះភក្ត្ររបស់ព្រះអង្គឬក៏ស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គផ្ទាល់នៅទីបដិសណ្ឋារកិច្ចទាំងឡាយនោះ។

ហេតុការណ៍អស់ទាំងនេះ ធ្វើឲ្យពួកអ្នកសង្កេតការណ៍បរទេសដូចជាលោកស្រី ប៉ា-ស្កាល់ ទ្រុយ៉ូ(Pascale Truyau)ធ្វើការកត់សម្គាល់ ថាប្រជារាស្ត្រខ្មែរគឺជាជនជាតិរាជានិយម
ពោលគឺពលរដ្ឋគោរពស្រឡាញ់ស្ដេចដូចជាប្រពៃណីរបស់ប្រទេសនេះច្រើនសតវត្សរ៍កន្លង រហូតមកដល់បច្ចុប្បន្ន។ អ្នកសង្កេតការណ៍រូបនេះបានទាំងនិយាយផងដែរថាព្រះរាជប្រជា ប្រិយភាពរបស់ព្រះមហាក្សត្រថ្មីកាន់តែធំឡើង ជាពិសេសបណ្ដាប្រជារាស្ត្រខ្មែរតាមតំបន់ ជនបទដូចដែលព្រះករុណាព្រះមហាវីរក្សត្រសម្ដេចព្រះបាទ នរោត្តម សីហនុ ជាព្រះវរ រាជបិតារបស់ព្រះអង្គធ្លាប់បានទទួលសេចក្ដីគោរពស្រឡាញ់ពីប្រជារាស្ត្រខ្មែរ កាលព្រះអង្គ គង់នៅជាព្រះមហាក្សត្រ និងជាសម្ដេចព្រះប្រមុខរដ្ឋក្នុងអំឡុងចន្លោះឆ្នាំ១៩៤១ និងសម័យ សង្គមរាស្ត្រនិយមពីឆ្នាំ១៩៥៥ដល់ ឆ្នាំ១៩៧០នៃព្រះរាជាណាចក្រកម្ពុជាទីមួយ។

ព្រះមហាក្សត្រកម្ពុជា ថ្វីបើត្រូវបានពួកអ្នកសង្កេតការណ៍អន្តរជាតិធំៗមើលឃើញថា
នៅខ្ចីបទពិសោធក្នុងព្រះសិរីរាជ្យសម្បត្តិខុសពីព្រះវររាជបិតារបស់ព្រះអង្គព្រះបាទនរោត្តម សីហនុ ដែលបានយាងចូលនិវត្តន៍កាលដើមខែតុលា ឆ្នាំ២០០៤នេះក៏ដោយ ក៏ព្រះរាជាថ្មី ត្រូវគេមើលឃើញនិងទទួលស្គាល់ដែរថាគឺជាកម្លាំងសម្រាប់ការផ្សះផ្សារបង្រួបបង្រួមជាតិ
ខ្មែរនិងព្រះរាជាណាចក្រកម្ពុជាដែលបានបាក់បែកក្នុងអំឡុងពេលច្រើនទសវត្សរ៍ចុង ក្រោយនេះ។

អ្នកសង្កេតការណ៍បរទេសម្នាក់ទៀតជាជនជាតិបារាំង លោកហ្សង់ នេសប៉ូត (Jean Nespote)ដែលបានឃ្លាំមើលការវិវត្តនៃសង្គមកម្ពុជារយៈពេលច្រើនទសវត្សរ៍មកនេះបានធ្វើការកត់សម្គាល់ថាការបាក់បែកហែកហួរនៃប្រទេសនិងជាតិកម្ពុជាចាប់តាំងពីអំឡុងរដ្ឋប្រ
ហារថ្ងៃទី១៨ខែមីនាឆ្នាំ១៩៧០រៀងរហូតមកដល់បច្ចុប្ប ន្នកាលនេះ អាចនឹងផ្សះផ្សារឡើង
វិញបានតែដោយសារព្រះរាជវង្សខ្មែរជាការសំដៅដល់ព្រះមហាក្សត្រនិងស្ថាប័នរាជានិយម
ដែលនៅតែជាការគោរពស្រឡាញ់និងជំនឿបង្អែកនៃសេចក្ដីសង្ឃឹម យ៉ាងហោចណាស់ក៏
សេចក្ដីសុខក្នុងផ្លូវចិត្តរបស់ប្រជារាស្ត្រទូទាំងប្រទេសនោះដែរ។

ការថ្លែងកត់សម្គាល់របស់ពួកអ្នកសង្កេតការណ៍បរទេសទាំងឡាយនេះមើលឃើញ ស្របគ្នាទាំងស្រុងនឹងការសម្ដែងចេញនូវសេចក្ដីរំភើបរីករាយ ដែលគេអាចយល់បាននៅ លើផ្ទៃមុខញញឹមគ្មានលាក់លៀមរបស់ប្រជារាស្ត្រខ្មែរទាំងនៅពេលដែលបានស្ទាបប៉ះព្រះហស្តរបស់ព្រះអង្គនិងពេលបានជួបព្រះភក្ត្ររបស់ព្រះអង្គ ឬក៏បានស្ដាប់ព្រះសូរសៀង
របស់ព្រះអង្គនៅរាល់ទីដែលព្រះអង្គយាងទៅជួបប្រជារាស្ត្រ។

ហេតុផលមួយដែលគេកត់សម្គាល់ឃើញថាព្រះមហាក្សត្រសូម្បីតែព្រះអង្គទើបនឹង
បានឡើងសោយរាជ្យក្នុងរយៈពេលដ៏ខ្លីប៉ុន្តែព្រះអង្គទាក់ទាញបាននូវការគោរពស្រឡាញ់ពីប្រជារាស្ត្រខ្មែរ នោះគឺព្រះរាជឥរិយាបថរបស់ព្រះអង្គ។ នៅគ្រប់ទិសទីនិងពេលជួបប្រជា រាស្ត្រនោះ ព្រះអង្គតែងតែដាក់ព្រះកាយលុតជង្គង់ឲ្យនៅទាបទន្ទឹមនឹងប្រជារាស្ត្រដូចព្រះ រាជបន្ទូលរបស់ព្រះអង្គកាលព្រះអង្គទើបឡើងសោយរាជ្យថ្មីៗថា ព្រះអង្គនឹងធ្វើព្រះកាយ ជាព្រះមហាក្សត្រដែលយកព្រះទ័យទុកដាក់នឹងទុក្ខលំបាកនិងកង្វល់របស់ប្រជារាស្ត្រ
ហើយដាក់ព្រះកាយបម្រើប្រជារាស្ត្រនិងនៅស្មើនឹងប្រជារាស្ត្រ។

នេះគឺជាសញ្ញាល្អនៃកម្លាំងសាមគ្គីជាតិខ្មែរ គ្រាន់តែថាវានៅត្រូវការនូវការគាំទ្រ ដោយសុទ្ធចិត្តពេញទំហឹងរបស់រាជរដ្ឋាភិបាល ក៏ដូចជានាម៉ឺនសព្វមុខមន្ត្រីដើម្បីឲ្យកម្ពុជា មានលទ្ធភាពទាញយកអត្ថប្រយោជន៍ពីសាមគ្គីជាតិ តាមរយៈព្រះរាជសកម្មភាពរបស់ព្រះ មហាក្សត្រក្នុងការបង្រួបបង្រួមជាតិខ្មែរនិងប្រទេសកម្ពុជាដើម្បីផ្សះមុខដំបៅប្រវត្តិសាស្ត្រនៃការបាក់បែកហែកហួរគ្នាច្រើនទសវត្សរ៍កន្លងទៅនេះតែប៉ុណ្ណោះ។

ស្ថិរភាពសង្គមនិងការរួមសាមគ្គីជាតិខ្មែរតាមរយៈព្រះរាជប្រជាប្រិយភាពរបស់ព្រះ
មហាក្សត្រដូចដែលព្រះរាជាខ្មែរក្នុងអតីតកាលបានបំពេញដើម្បីជាឧត្តមប្រយោជន៍ជាតិនោះ មានតម្លៃថ្លៃថ្លាបំផុតសម្រាប់ជីវិតរបស់កម្ពុជាក្នុងសុខសន្តិភាពនិងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចឆ្ពោះទៅរកសេចក្ដីចម្រើនរុងរឿងដូចដែលសម្ដេចឪធ្លាប់បានបង្ហាញជាព្រះរាជគម្រូល្អ កាលព្រះអង្គគង់ជាព្រះមហាក្សត្រនិងជាសម្ដេចព្រះប្រមុខរដ្ឋ ក្នុងចុងរជ្ជកាលព្រះរាជា ណាចក្រកម្ពុជាទីមួយ ជាពិសេសក្នុងសម័យសង្គមរាស្ត្រនិយម(១៩៥៥--១៩៧០)ដែលព្រះ រាជកិច្ចដឹកនាំរបស់ព្រះអង្គបានធ្វើឲ្យកម្ពុជានាសម័យនោះមានការចម្រើនលូតលាស់ក្នុងលំដាប់ជួរមុខគេ ប្រៀបធៀបនឹងបណ្ដាប្រទេសជិតខាងហើយមានកិត្តិស័ព្ទល្បីរន្ទឺក្នុងពិភព លោកទាំងមូលនោះ៕

សៅរ៍ ពុធពង្ស (និពន្ធនាយក) កាសែត ”ឧត្តមគតិខ្មែរ” លេខ១៨៦៨ ឆ្នាំទី១៣ ថ្ងៃអង្គារទី៧ខែមិថុនាឆ្នាំ២០០០

No comments: