Wednesday, June 12, 2013

(RBU) នាងសក់ក្រអូប FRAGRANT-HAIRED PRINCESS

កេសាសាចឆ្វង់           គ្រវាត់ក្រោយអង្គ           វង់ផ្កាវារី
ក្លិនសាយក្រអូប         លើសលប់អស់ស្រី        ភក្ត្រាបុរមី
ដូចស្រីសួគ៌ា។
នាងសក់ក្រអូប           ស្រង់ទឹកស្រះរូប            កាយកបសោភា
ពេញអង្គសម្រស់        ភក្ត្រស្រស់ខ្ចីថ្លា              គន់កែវនេត្រា
ដូចពេជ្រចរណៃ។
ចង្កេះមូលក្លំ                ទ្រូងពើងពេញសម         ត្រគាករីកសាយ
សុដនមូលក្បំ              កិន្នរវិស័យ                      បវរថ្លាថ្លៃ
ស្រីទេពកញ្ញា។
ប្រុសណាមិនស្រើប   ឃើញហើយចង់ថើប       មេត្រីកាមា
ដូចបានកើតឋាន       ឥន្ទ្រព្រហ្មទេវតា               សមចិត្តសច្ចា
ប្រាថ្នាជាយា។
សោភ័ណទាំងរូប        សក់នាងក្រអូប                ពុំបាច់អប់ផ្កា
ចម្ងាយមួយយោជន៍   ទៅគ្រប់ទិសា                    កេរ្តិ៍ល្បីខ្ទ័រខ្ទារ
ដល់នគរមន។

 Shared publicly  -  Jun 8, 2013  Love this click ..  #amazing :)  Creditz orgnal uplder..

  យោជន៍ (អានថា "យោច"ជាខ្នាតរង្វាស់បុរាណខ្មែរ)៖ បើវាស់ចម្ងាយ ១យោជន៍ =
 
៤គាវុត = ៤០០សិន ប្រហែលនឹង ១៦គីឡូម៉ែត, បើវាស់កម្ពស់ ១យោជន៍ = ៧ហត្ថ
  ប្រមាណជា ៣,៥ម៉ែត

(មេទ័ពមនបានលើកទ័ពមកច្បាំងប្រាថ្នាចាប់យកព្រះនាងធ្វើជាមហេសីស្ដេច
នគរមន (ក្រុងសាវត្ថី) ត្រង់ដែន
ដីប្រទេសភូមា(ម្យ៉ាន់ម៉ា)សព្វថ្ងៃ។ ជាមួយព្រះ
អង្គ
បាយង្កោ ជាគូ ព្រះនាងសក់ក្រអូបដែលជានារីមេទ័ពខ្មែរដ៏ជំនាញមួយរូប បានលើកទ័ពចេញច្បាំងទល់កម្ចាយទ័ពមនឲ្យបាក់រត់រប៉ាយទៅវិញ)

រឿង"នាងលាក់មុខ"  មានប្រវត្តិ             ព្រេងចារកំណត់ សាវតាពង្ស
បឋមក្សត្រី ខ្មែរយូរលង់                        នាមទ្រង់"ក្រអូប ក្លិនកេសា"

កាលនាងនាំទ័ព ចេញច្បាំងទល់       នឹងមេទ័ពពល មនបច្ចា
ទ្រង់លាក់ព្រះភ័ក្ត្រ ក្នុង ភូសា(១)       ទ័ពមនស្រែកថា ពីរវិស័យ។

"​
បើមុខអាក្រក់ អាក្រក់ហួស                បើស្អាតៗនោះ ស្អាតពេកក្រៃ
ល្អជាបណ្ដាច់ លើសអស់ស្រី              នៅលើលោកិយ គ្មានស្រីប្រៀប"

ដំណឹងលេចឮ ដល់ស្ដេចមន              ជ្រួលជ្រើមពេកពន់ រមាស់ស្កៀប
មិនសុខហឫទ័យ ចាត់របៀប              កងទ័ពត្រាត្រៀប  តាមកម្លាំង។

ស្ដេចមនចង់បានជាជាយា                 លើកទ័ពពលាតាមមកច្បាំង  

ព្រះនាងបង្ក្រាបបរាខ្មាំង                     មនក៏គិតតាំងប្រើកលល្បិច។

លេងល្ខោនជាល្បួងល្បីសិល្បៈ         ឧបាយជាធ្នាក់បំភ័ន្តកិច្ច

ចាប់ព្រះនាងបានយកទៅ លិច(២)    យូរឆ្នាំមិនតិចបាយង្កតាម។

ច្បាំងបង្ក្រាបមនយកមកវិញ               តែទុក្ខទោម្នេញជាប់ដិតដាម

ជារឿងប្រវត្តិព្រេងចងចាំ                     ដានស្នាមប្រាសាទបាយង្កោ៕
(១)ភូសា (ន. រាជស័ព្ទ) = ស្បៃបំពាក់គ្រងប្រាណ ឬ អាវ។ (២)លិច (ន.)
អានថា "ឡិច" ជាឈ្មោះទិស។

(ប្រាសាទបាយង្កោ ឬ ខ្លះហៅ បាយង្ក ស្ថិតនៅលើកំពូលភ្នំបាយង្ក ក្នុងស្រុកគិរីវង់ខេត្តតាកែវ។ មានការនិទានខុសៗគ្នាខ្លះអំពីរឿង "ព្រះនាងសក់ក្រអូប "នេះ ប៉ុន្តែខ្ញុំលើកមកសរសេរនេះយោងតាម
ឯកសារចងក្រងដោយអ្នកស្រាវជ្រាវម្នាក់ លោក សាំង ហ៊ែល ជា
សៀវភៅរឿង "
ព្រះនាងសក់ក្រអូប" )


No comments: