Friday, November 1, 2013

rbu សត្វឆ្កែញ៉ាំង

ឆ្កែញ៉ាំងញ៉ឹងសត្វ ពួកដង្កូវ
ញាត់ស៊កចូលទៅ សំបុកវា
ខាងក្នុងមែនពិត ដឹងគ្រប់គ្នា
ពុំមែនធ្វើជា កូនវាទេ។

ការពិតនោះគឺ វាពងដាក់
សំបុកវាជាក់ ពងពីមេ
ដង្កូវពីក្រៅ អាហារទេ
កូនញាស់ពងមេ ស៊ីដង្កូវ។

ដង្កូវកូនវា ញាស់ពីពង
ពូជសត្វល្អិតផង ពងដង្កូវ
សន្ដានបែបនេះ រៀងមកទៅ
សភាវៈត្រូវ តពូជញាតិ។

កូនញាស់ចេញរូប ដង្កូវមែន
វិវត្តបត់បែន តាមធម្មជាតិ
ដង្កូវពីក្រៅ គ្រាន់ជាធាតុ
អាហាររសជាតិ ឲ្យឆ្កែញ៉ាំង។

ឆ្កែញ៉ាំងប្រើជា គម្រូមួយ
ជំនួយគតិ វិជ្ជាតាំង
ស្ថាបត្យកម្ម ទីសម្អាង
សភាវៈតាង គំនិតវៃ។

សំបុកឆ្កែញ៉ាំង ដូចសំណង់
គម្រូរៀបប្លង់ អស្ចារ្យក្រៃ
វាចេះលៃលក និងកែឆ្នៃ
សង់ឋានអាស្រ័យ ដ៏ប្រណីត។

តែវាជាសត្វ ខុសពីមនុស្ស
សំបុកវាធ្លុះ សង់ផ្ចង់ផ្ចឹត
ទុកនៅប្រហោង វាពុំបិទ
ឯមនុស្សយើងពិត ជួសជុលសិន៕

សៅរ៍ ពុធពង្ស SAO PUTHPONG © rbu - SPP
Reading Benefits You http://r-b-u.blogspot.com/
ការអានមានប្រយោជន៍ កំណាព្យបីភាសា ខ្មែរ English Français
Contact: (+855)(0) 12 67 6784
អំពីផលវិបាករបស់អ្នកនិពន្ធ
ក្មួយៗជាទីស្រឡាញ់!បើក្មួយៗមានបំណងក្លាយខ្លួនទៅជាកវីនិពន្ធ ក្មួយៗត្រូវស្វែងយល់ឱ្យបាន
ច្បាស់អំពីផលវិបាករបស់អ្នកនិពន្ធម្នាក់ៗជាមុនសិន។ តើអ្វីជាផលវិបាកទាំងនោះ?
ចំពោះទស្សនៈខ្ញុំវិញ ខ្ញុំយល់ថា« នរណាម្នាក់ក៏អាចនិពន្ធបានដែរ ឱ្យតែគេមានចិត្តចង់ មានការព្យាយាម និង មានសេចក្តីក្លាហាន ។ល។ ប៉ុន្តែអ្វីដែលពិបាកចំពោះអ្នកនិពន្ធម្នាក់ៗ នោះគឺ ការរកទស្សនៈ ដោយឡែកដើម្បីអប់រំមនុស្សនោះហើយគឺជាការពិបាក»
ឧទាហរណ៍ៈ ទស្សនៈរបស់ព្រះរាជសម្ភារ ដែលជាកវីរាជសម័យក្រោយអង្គរ (សម័យឧដ្តុង្គលង្វែក) កំណាព្យឧបទេសកថារបស់ទ្រង់បានលើកឡើងថា
« ខ្លែងហើរត្បិតខ្យល់»។ល។ ចំពោះទស្សនៈដោយឡែករបស់ខ្ញុំវិញ កំណាព្យដែលជាស្នាដៃរបស់ខ្ញុំៗសរសេរថា « ខ្លែងហោះត្បិតខ្សែ »។ល។
ឧទាហរណ៍ខាងលើនេះហើយ គឺជា« ទស្សនៈដោយឡែក » ដែលយើងជាកវីនិពន្ធម្នាក់ៗត្រូវត
យល់ឱ្យបានច្បាស់។
ក្មួយៗដែលមានបំណងចង់ធ្វើជាកវីនិពន្ធ ក្មួយៗត្រូវ «ធ្វើតាមសត្វឃ្មុំដែលហើរក្រេបលំអងផ្ការាប់
សិបផ្កា ទើបបានជាទឹកដែលមានរសផ្អែមរបស់សត្វឃ្មុំ»។ ក្មួយកុំធ្វើតាមសត្វឆ្កែញាំង ដែលហើរពាំសត្វដង្កូវយកមកផ្ញាស់ធ្វើជាកូនរបស់ខ្លួននោះមិនល្អទេ។ ខ្ញុំចង់និយាយថា បើក្មួយៗចង់ធ្វើជា
កវីនិពន្ធ ក្មួយកុំលួចស្នាដៃគេមកធ្វើជាស្នាដៃរបស់ខ្លួន។ ក្មួយៗធ្វើយ៉ាងណាកុំឱ្យគេមើលងាយជាតិ
របស់យើង។ល។
វ៉ែន សុន
Posted by VEN SON វ៉ែន សុន at 7:29 PM

No comments: