រឿងពុំគួរជឿ ផ្លែនៅទាប
ក្មេងតូចឈោងដល់ ធាងប្រគាប
ផ្លែតាំងពីទាប ត្រឹមចង្កេះ។
គេហៅម្យ៉ាងទៀត ដូងកប៉ាល់
ខ្ញុំចាំអង្កាល់ ពីតូចម្ល៉េះ
ប៉ាខ្ញុំបានដាំ ខ្ញុំឈោងបេះ
ងាយស្រួលប្រឡេះ បេះពីសា។
ដាំពីរបីឆ្នាំ វាឲ្យផល
ពុំចាំយូរដល់ ច្រើនវស្សា
ដូចពូជដូងធំ ទើបចេញផ្កា
ធ្លាយសោតទៀតណា ក្ដាំងផលា។
ពេលដាំមុខផ្ទះ គេដើរកាត់
ក្រឡេកមើលឆ្វាត់ លាន់មាត់ថា
"ដូងអីទាបសោះ ចេញផ្លែផ្កា
"រកពូជពីណា ចង់ដាំដែរ"។
ដូងនេះបើថែ ផ្លែបន្ត
ទឹកវាផ្អែមល្អ ផ្លែហូរហែ
មួយធ្លាយចេញទៀង រៀងរាល់ខែ
បើដាំពូកែ ថែទឹកជី។
ដើមវាក៏ខ្ពស់ ជាដើមលៃ
ដូចពូជដទៃ ខុសតែពី
ដងដើមតូចជាង ឲ្យផ្លែស៊ី
ដល់ខ្ពស់ពេញទី ស្ដួចរៀវឡើង៕
កំណត់៖ ដូងនេះខុសពីដូងកូវកែ។ តាមវចនានុក្រមសម្ដេចសង្ឃ ជួន ណាត "កូវកែ ( ន. ) ដូងមួយប្រភេទដើមតូចៗ ទាបៗ ផ្លែតូចៗ មានទឹកផ្អែម មានដើមកំណើតមកពីប្រទេសម៉ាឡាយ៉ា គេយកពូជមកដាំ នៅស្រុក កូវកែ ដែលខ្មែរហៅថា ស្រុកកំពង់ស្ពាន ខែត្រព្រែកឫស្សី (កម្ពុជាក្រោម) លុះចំណេរកាលតៗមកពូជដូងនេះ ក៏ចូលមកដល់ប្រទេសកម្ពុជា អ្នកស្រុកហៅ ក្លាយពីពាក្យដើមទៅជា ដូងកល់កែ, អ្នកខ្លះថា ដូងគល់កែ ហៅក្លាយមកទៀតថា ដូងតាកែ ។
"
No comments:
Post a Comment