កុំអួតខ្លួនខ្លាំង ច្បាំងមិនចាញ់
កុំងប់ស្រឡាញ់ ខ្វះវិចារណ៍
កុំភ្លេចបណ្ដាំ ពីដូនតា
កុំចោលប្រាថ្នា រួមកម្លាំង។
មួយ ពីរ ឬ បួន ឬប៉ុន្មាន
មួយៗតែប្រាណ ទល់តតាំង
មួយតែអង្គឯង ម្ដេចនឹងខ្លាំង
មួយច្នេះបើច្បាំង បាក់បណ្ដោយ។
ធ្វើអ្វីឲ្យគិត ពិនិត្យមុខ
ធ្វើអ្វីឲ្យទុក ផ្លូវដើរក្រោយ
ធ្វើអ្វីចង់ឈ្នះ ខ្លាំងកុំខ្សោយ
ធ្វើអ្វីកុំឲ្យ ស្រាស់ផ្លូវឯង។
ខ្លាំងពីមិនខ្លាច ខ្លាំងទីមួយ
ខ្លាំងមានគ្នាជួយ ទីពីរក្រែង
ខ្លាំងចេះសាមគ្គី រួមប្រឹងប្រែង
ខ្លាំងបីជាក់ស្ដែង ខ្លាំងចេះឈ្នះ។
ប្រជែងមានន័យ ប្រជែងកុំ(១)
ប្រជុំចេះផ្ដុំ តាមធម៌ព្រះ
ប្រជែងមិនចាញ់ ព្រោះមានះ
ប្រកួតបានឈ្នះ ទើបមានឈ្មោះ។
អ្នកឆ្លាតចេះយល់ ឫកទន់ភ្លន់
អ្នកអួតពុំគន់ គិតទាបខ្ពស់
អ្នកយល់ផ្លូវឆ្លាត ដឹងផ្លូវរស់
អ្នកឈ្នះបានយស ព្រោះចេះឈ្នះ។
ជោគជ័យដើម្បី ជាតិនិងរាស្ត្រ
ជោគលើវិនាស ហ៊ានបង់លះ
ជោគ ពីររួមខ្លាំង ទើបអាចឈ្នះ
ជោគជឿតាមព្រះ ទើបបានជ័យ៕
កុំ(១) (កិ.) = ផ្ដុំគ្នា
© rbu_spp 1"05 pm Jan 4, 2015 Puthpong Sao
No comments:
Post a Comment