១. "មាត់ "ចេញទឹកច្រោក រមូល"ពោះ " តវ៉ាស្រែកឈ្លោះ ពោះតឿនឆាប់
រមូលខ្លាំងណាស់ សូមប្រញាប់ "មាត់ "ឯងកុំយ៉ាប់ ឆាប់ហូបរ៉ា។
២. ស្វាយខ្ចីទឹកត្រី ម្ទេសទុំហឹរ ខ្ញុំចាំពីម្សឹល ខ្ជិលណាស់ណា
មិនចាំទៀតទេ នែ៎"មាត់ "ហ្អា៎ កុំឲ្យខ្ញុំថា តឿនញឹកពេក។
៣. នែ៎"ពោះ "កុំឈ្លោះ នឹងខ្ញុំអី មានតែទឹកត្រី ក្រែងទឹកស្រេក
នៅខ្វះស្ករទៀត កុំតឿនពេក តិចខ្ញុំទៅដេក ខានបានឆី!
៤. "ស្ករ "ខ្ញុំមកហើយ នេះស្ករត្នោត ចេញពីពាងប៉ោត ស្ករថ្មីៗ
ឯប្រហុកផ្ដាំ ចាំសិនហ្អី ចិញ្ច្រាំអ្វីៗ ឲ្យម៉ដ្ឋសិន។
៥. មក៍ហើយៗ "ប្រហុក "ខ្ញុំ ម៉ោះយើងជួបជុំ ប្រញាប់"កិន "
ប្រញាយគ្នាទៅ ឆ្ងាញ់ជូរក្លិន ឆ្ងាញ់ណាស់ចាំសិន កុំប្រឹងរូត។
៦. ប្រយ័ត្នរាគវើយ ឆ្ងាញ់"មាត់ " "ពោះ" ក្រែងលោជ្រុលជ្រួស រវល់"គូទ "
ឯ"ជើង "ខានដេក រត់ជុះជូត មិនម៉ូត្រដូចងូត លាមករូ។
៧. "ភ្នែក "ឯងមកស្ដី អន់ក្រពះ គេហូបគ្រប់ផ្ទះ តាំងពីយូរ
ចង់ស៊ីចូលមក កុំរអ៊ូ កុំឈរមើលយូរ លេបទឹកមាត់។
៨. នែ៎ៗ! ឃើញទេ មែនថាមែន ស្ទុះចូលវាយភ្នែន ខ្លាចគេឃាត់
ស៊ីទៅញ៉ុកទៅ ញាត់យើងញាត់ ទាន់នៅជាប់មាត់ តិចអស់ខាន។
៩. អើៗពួកឯង ឃ្លានឥតបទ ស៊ីគ្មានកំណត់ តែរំខាន
"ភ្នែក "ត្រូវសម្រាក លៃសម្រាន្ត តែដេកមិនបាន "ប្រាណ "ឈឺហើយ ...
កំណត់៖ "ម៉ោះ " = មក, "កិន "(ជាគ្រាមភាសា) = ស៊ី, ឆី, ...
No comments:
Post a Comment