នេះហៅ "ផ្លូវអូរ" ហូរទឹកកាត់
ឡានម៉ូតូសាត់ កាត់ឆ្លងព្រែក
ទឹកអូរហូរវូ ដូចទឹកភ្នែក
ធ្លាក់ចាកពីមេឃ សង្វេគចិត្ត។
ទឹកអូរហូរវឹង ស្ទឹងទឹកភ្លៀង
ក្រុងថ្ងូរសំនៀង ទួញអាណិត
ស្រណោះភ្នំពេញ លិចក្នុងចិត្ត
លង់លិចព្រោះដ្បិត ដុល្លារជន់។
ជំនន់ចិត្តរាស្ត្រ លង់ទឹកភ្នែក
ក្រៀមក្រំសង្វេគ ទុក្ខពេកពន់
ឃើញភ្នំពេញលិច ក្រោមជំនន់
ភ្នែកគន់ចិត្តខ្វល់ សល់គក់ទ្រូង។
ទឹកភ្លៀងទឹកភ្នែក ជ្រែកពុះផ្លូវ
ឡានម៉ូតូត្រូវ វាស៉ទ្រទូង
ក្រែងលិចកប់ជើង ផុងចូលរូង
នាគកប់ត្រឹមទ្រូង លង់លិចក្ស័យ។
គិតទៅម្យ៉ាងដែរ ស្រុកខ្មែរនេះ
អ្នកធំមានជិះ ឡានថ្លៃៗ
ហូរចូល រ៉ូលហ្ស៍-រយស៍ សង្ហាក្រៃ
ឯរាស្ត្ររាល់ថ្ងៃ ក្រតោកយ៉ាក។
រ៉ូលហ្ស៍-រយស៍ មើលទៅ មិនហ៊ានហែល
ផ្លូវព្រែកដដែល ដូចផ្សេងម៉ាក
បរតែផ្លូវធំ នឹកកម្សាក
ឃើញរាស្ត្រលំបាក ខ្លាចរាស្ត្រដៀល។
No comments:
Post a Comment