Thursday, December 19, 2013

rbu សួនផ្កាថ្នក់ទឹក

ឱផ្កាថ្នក់ទឹក រឭកស្រូវស្រែ
ទេសភាពស្រុកខ្មែរ នៅខែចម្រូត
អូនឈរសង្ហា ដូចបង្ហាញម៉ូត
ពណ៌លឿងមាសសូត្រ សោភ័ណស្រុកស្រែ។

ថ្នក់ទឹករីកស្រស់ ដេញពណ៌លឿងព្រាត
ដូចសួនធម្មជាតិ វាតកណ្ដាលស្រែ
ចន្លោះដើមស្រូវ ទុំធ្ងន់នឹងផ្លែ
ដីកេរស្រុកខ្មែរ អ្នកស្រែចិត្តថ្លៃ។

ថ្នក់ទឹកពណ៌លឿង កំពូលប្រាសាទ
ពណ៌មាសស្រស់ស្អាត រំលេចស្រស់ក្រៃ
ដូចពេជ្រចាំងផ្លេក ឆ្លុះភ្នែកចរណៃ
ភ្លឺច្បាស់ដូចថ្ងៃ នៅកណ្ដាលយប់។

ក្បាច់ក្បូរប្រាសាទ ពីផ្កាថ្នក់ទឹក
ដាស់ចិត្តឲ្យនឹក នឹកអូនឥតឈប់
តាំងពីព្រលឹម រៀងដល់ព្រលប់
បង្ហួសចូលយប់ ចិត្តគិតតែស្រី។

វាលថ្នក់ទឹកលឿង ឃើញដូចព្រំមាស
រលាស់ក្រាលពាស ពិធីសិរី
ដូចពរមេបា ចម្រើនសួស្ដី
លោកប្រទានជ័យ ប្រោះព្រំស្នេហ៍យើង។

ខាងក្រោមនេះជាសម្រង់វគ្គមួយនៃរឿង"វាសនាសាងក្នុងចិត្តពីបាតដៃ" ដែលជាប់រង្វាន់ជ័យលាភីលេខ១
ក្នុងការប្រឡងការនិពន្ធរឿងខ្លីស្ដីពីសិទ្ធិកុមារខែធ្នូឆ្នាំ២០១២។

ទិដ្ឋភាពក្អាកក្អាយសប្បាយនឹងការងារបែបនេះនៅវាលស្រែរដូវច្រូតកាត់តែងឃើញ កើតមានជាទូទៅនៅតំបន់ជនបទដែនលំនៅនៃកសិករដែលមានចំនួន៨០ភាគរយ នៃប្រជាពលរដ្ឋ។ ដោយឡែក ក្នុងដំណើរចេញពីសាលាមកផ្ទះកាត់ស្រែចម្រូត នាង ប្រឹងបានឃើញកសិករបររទេះដឹកកណ្ដាប់ស្រូវទុំ.. អម្រែកកណ្ដាប់ស្រូវនៅលើស្មា ធ្ងន់ដាបដើរញាប់ជើង.. គោក្របីចងរាយ.. សត្វកុកសក៏ឃើញហើរព្រាត ខ្លះចុះចម្រុះ នឹងសត្វដទៃដើរដេញតាមចាប់ចំណីក្នុងស្រែ.. គំនរកណ្ដាប់ស្រូវនៅរៀបហែកណ្ដាល ស្រែនានា.. ផ្កាថ្នក់ទឹករីកពណ៌លឿងព្រាតឃើញដូចសួនធម្មជាតិវាតតាមចន្លោះ ជញ្ជ្រាំងស្រូវនៅត្រង់នេះខ្លះត្រង់នោះខ្លះ.. ផ្កាម្អមនិងដើមស្រូវត្រូវមុខកណ្ដៀវច្រូត ដាច់ថ្មីៗបានបំភាយក្លិនប្រហើរពេញអាកាស៖ ទាំងអស់នេះគឺជាទិដ្ឋភាព សកម្មភាព សម្រស់ទេសភាព ក្លិនធម្មជាតិដ៏ត្រកាលសំឡេងក្អាកក្អាយលាយឡំនឹងចម្រៀងបក្សី និងខ្យល់ជំនោរដែលផ្សំបង្កើតបានជាសោភណភាព បណីតភាពនិងសុខដុមភាពតាម វាលស្រែឯជនបទនៅរដូវចម្រូត។

នាងបានដកផ្កាថ្នក់ទឹករីកពណ៌លឿងស្រស់មួយកងធំ។ ដើរបណ្ដើរ នាងបានប្រើម្រាម
ដៃកាច់ពត់បត់ផ្កាថ្នក់ទឹកយ៉ាងប៉ិនប្រសប់ចេញរាងជារូបប្រាសាទកំពូលបីដ៏ល្អវិចិត្រ តាមគម្រូនៃទង់តំណាងនៃប្រជាជាតិនាង។ពីរូបនេះសំណួរបានផុសឡើងបន្តគ្នាក្នុង
អារម្មណ៍នាង៖

”ហេតុអ្វីដូនតាខ្មែរអាចស្ថាបនាមហាប្រាសាទសួគ៌នៅលើផែនដីដ៏អស្ចារ្យពុំមាន
នរណាធ្វើបានដូចនេះ? ដូនតាខ្មែរមានចំណេះជំនាញអ្វីខ្លះ?” ពីចម្ងល់ទាំងនេះ នាងបានរកឃើញចម្លើយដែលផុសចេញប្រដេញគ្នាទាំងចំពោះសំណួរដែលធ្លាប់
តែរំខានអារម្មណ៍ នាងតាំងពីយូរមក៖”ហេតុអ្វីខ្ញុំចង់ទៅរៀន?”។

ចម្លើយនោះគឺដូចគ្នានឹងដំបូន្មានលោកគ្រូម៉ុនថា”វិជ្ជា(អ្នកគ្រូសារិនបន្ថែមថារួមនឹងការ ប្រតិបត្តិ)គឺជាទ្រព្យសម្បត្តិ”និងចំណេះជំនាញអាចរំដោះមនុស្សពីភាពក្រីក្រកសាង សង្គមឲ្យរុងរឿងដូចកម្ពុជាជាមហាអំណាចចក្រភពខ្មែរដ៏ខ្លាំងពូកែកាល មួយពាន់ឆ្នាំ
មុន។ នាងបានតាំងចិត្តថា”ខ្ញុំត្រូវតែធ្វើឲ្យសុបិនល្អរបស់ខ្ញុំក្លាយជាការពិត”។

ពេលនាងតូចបានមកដល់មាត់របងក៏មានសំឡេងហៅ៖”អើ កាប្រឹងហ្នឹងមកពីរៀនហើយហ្អី? មកជួយម៉ែ មួយដៃមួយជើងមក៍ ឪឯងមកពីស្រែឥឡូវហើយ”។ ឮពាក្យនេះ នាងបានតប៖”ខ្ញុំ មានឈ្មោះ ជួប ប្រឹង ពុំ មែន កាប្រឹងទេម៉ែ!”។ មីង ជុំ បានញញឹមត។

នាងតូចបានហុចរូបក្បាច់ប្រាសាទអង្គរវត្តផ្កាថ្នក់ទឹកពណ៌លឿងឲ្យប្អូនទាំងពីរនាក់ដោយពាក្យស្រទន់៖ ”នេះបងឲ្យប្រាសាទកំពូលមាសម្នាក់មួយ។ អូនដឹងទេ? ដូនតាមហាក្សត្រជាតិយើងបានសាងសង់ អង្គរវត្តល្អស្អាតអស្ចារ្យ ជាតិសាសន៍ណាៗក៏ស្ងើចស្ញប់ស្ញែង។ ដូច្នេះយើងត្រូវតែធ្វើអ្វីមួយជួយជូន ជាតិយើងតបស្នងសងគុណដូនតាណា៎”។
Fresh day !

No comments: