Saturday, January 3, 2015

rbu 711 -- ជ្រៃសួររកសេក


ជ្រៃថ្នាក់ជ្រៃផ្លិត ... ម្ចាស់សួនវិចិត្រ
លម្អគេហា ... បំពេដួងចិត្ត
បំបាត់ទុក្ខា ... គន់មើលភក្ត្រា
ញញឹមប្រិមប្រិយ។
ជ្រៃរស់ស្រស់ថ្លា ... បានស្គាល់ហត្ថា
ម្ចាស់ថ្នមប្រណី ... បីបាច់រក្សា
អរគុណម្ចាស់់ស្រី ... សូមពរភក្ដី
កុំចោលជ្រៃណា។
ជ្រៃសូមអង្វរ ... ដោយចិត្តស្មោះសរ
សូមម្ចាស់មេត្តា ... តាមរកសេកមិត្ត
កំដរជីវា ... នឹកសេកពេលណា
បានស្ដាប់សៀងសេក?
ជ្រៃនៅកំព្រា ... ឯការងា
គ្មានគ្នាជជែក ... ពេលម្ចាស់ទៅចោល
តែលតោលពន់ពេក ... បើទោះនឹងដេក
ស្ដាប់ឮតែខ្យល់។
ព្រះពាយអង្វរ ... ឲ្យជ្រៃកំដរ
បាត់ទុក្ខរសល់ ... បានគ្នាជជែក
រំលែកកង្វល់ ... ចាំម្ចាស់មកដល់
មើលផ្លូវមិត្តសេក៕
© rbu_spp 4:59 pm Jan 3, 2015 Puthpong Sao

Thursday, January 1, 2015

rbu 710 -- ល្បែងបន្លែងនឹងគំនិត


ចង់រស់ឲ្យរួប រួមកម្លាំង
ចង់ច្បាំងឲ្យមើល កម្លាំងឯង
ចង់ឈ្នះឲ្យចេះ គិតប្រឹងប្រែង
ចង់ត្រួតត្រាល្បែង ឲ្យចេះល្បិច។
បើចេះត្រូវដឹង ប្រៀបត្រូវមាន
បើខ្លាចកុំហ៊ាន ឃើញគ្នាតិច
បើខ្លាំងគង់នៅ ខ្លាំងយ៉ាងម៉េច
បើល្បិចខ្លួនខ្សោយ ឲ្យប្រឹងខំ។
ពោលពាក្យស្រដី កុំបីពុត
ពោលថ្នមកុំមុត ពោលចំៗ
ពោលត្រូវតាមត្រង់ កុំបន្លំ
ពោលផ្អែមគួរសម ជាមេគេ។
ស្លូតតែមិនខ្លាច មិនកាចកោង
ស្លូតនេះទៀតហោង មាំជាមេ
ស្លូតកុំដេកស្លាប់ ធ្វើឈ្នាន់គេ
ស្លូតតាមពូជកេរ ខ្មែរចេះឆ្លាត។
ហ៊ានមានចិត្តស្មោះ ចំពោះរាស្ត្រ
ហ៊ានឲ្យរវាស កុំប្រមាថ
ហ៊ានដើម្បីជាតិ រស់មិនខាត
ហ៊ានស្មោះស្អំស្អាត កុំលម្អៀង។
ឈ្នះឲ្យចេះឈ្នះ ចេះការពារ
ឈ្នះលើពួកមារ ចិត្តស្មោះទៀង
ឈ្នះមិនខ្លាចចាញ់ ចេះសំលៀង
ឈ្នះដរាបរៀង ឈ្នះចិត្តរាស្ត្រ។
© rbu_spp 10:55 am Jan 01, 2015 Puthpong Sao

rbu 709 -- (ឈុតមួយនៃគម្រោងរឿង សង្គ្រាមជែនដឹ)


(អ្នកគក)៖ ឈប់! ឈប់! ឈប់ភ្លាម !!!
(អ្នកគក)៖ ពេលអញតាមទាន់ អញជាន់ឲ្យជាប់ 
មិនឲ្យនាងងាប់ ឲ្យនាងបានសុខ
ឲ្យនាងបានកូន សាយទាំងសំបុក
ស្រណុកមិនចង់ ប្រឹងរត់ធ្វើអ្វី?
(នាងមេ)៖ បើខ្ញុំមិនរត់ គេថាខ្ញុំអាស
បងថាតែផ្ដាស ស្រណុករឿងអី
កូនទាំងសំបុក បងដើររកថ្មី
ស៊ូរត់ពេញដី មុនព្រមចុងក្រោយ។
(អ្នកគក)៖ ប្រញាប៉ឈប់ភ្លាម កុំបាច់តមាត់
មិនដេញធាក់ទាត់ ឲ្យនាងសុខសោយ
(នាងមេ)៖ បើបងតាមទាន់ អូនសុខចិត្តឲ្យ
ទើបព្រមបណ្ដោយ អូនក៏ចង់ដែរ។
(អ្នកគក)៖ បើដឹងអ៊ីចឹង ម្ដេចប្រឹងរត់ទៀត
ម្ដេចក៏មិនឆ្លៀត អែបបៀតភ្លឺស្រែ
បាំងជញ្ជ្រាំងស្រូវ ក្បែរផ្លូវហូរហែ
រត់ទៀតនាំតែ អញខឹងរឹតខ្លាំង។
(នាងមេ)៖ បងទ្រាំបន្តិច ខ្ញុំបន្លិចឲ្យ
កុំភ្លេចមើលក្រោយ មើលអ្វីបាំងៗ
កុំអាលដំឡើង កាំភ្លើងចម្បាំង
អារមេឆុងឆាំង ក្រែងគេផ្អើលមើល។
ឥឡូវខ្ញុំចត ឲ្យបងឡើងឆាប់
គួរឆ្លៀតប្រញាប់ ក្រែងពួកស្ទាវព្រើល
មកទាន់វាឃើញ នាំគ្នាចោមមើល
ខ្លាចតែពួកជ្រើល វាស្រែកឆោឡោ។
(អ្នកគក)៖ អឺៗបានៗ អរគុណនាងអើយ
(នាងមេ)៖ បើរួចកិច្ចហើយ កុំភ្លេចលើកខោ
(អ្នកគក)៖ និយាយតែផ្ដាស តាំងពីដើមម៉ោ(១)
គកណាស្លៀកខោ ស្អុះស្អាប់ចង់ងាប់។
បាំងតែកំប៉ិត បញ្ឆិតកំប៉ោយ
រំយោលបាំងក្រោយ បើរវល់ជាប់
(នាងមេ)៖ ម្ង៉ៃៗដើរចង់ ចោលកូនមួយទ័ព
(អ្នកគក)៖ នេះជាទម្លាប់ កែរោគអផ្សុក។
(អ្នកគក)៖ បងឃើញអាស្ទាវ រងាវញ៉ែអូន
(នាងមេ)៖ ចុះបងរាប់ផ្លូន កូនរាប់សំបុក
គ្រាន់តែគេញ៉ែ ចិត្តមិនស្រណុក
(អ្នកគក)៖ ម៉េចអូនកិកកុក ចង់អាគកក្មេង?
(នាងមេ)៖ ខ្ញុំឈប់និយាយ អពមង្គល
បើបងចេះយល់ កុំសូវដើរលេង
ចូលបារ ការ៉ា អូខេ នឹងក្មេង
ចូលផ្ទះវង្វេង វាយប្រពន្ធកូន។
(អ្នកគក)៖ ប្រុសឈ្មោលចេញក្រៅ ជារឿងធម្មតា
(នាងមេ)៖ តែបងចាំថា អូនមានសិទ្ធិ៍អូន
សម័យ “ជែនដឹ” មានស្រីរាប់ផ្លូន
កុំភ្លេចសិទ្ធិ៍អូន កូនមានច្បាប់ចែង។
អាគកក៏ចាក់ក្បាច់រាំចាក់ឆែលចំហៀងខ្លួន ប៉ាក់ឆើកៗ យកស្លាបម្ខាងឆឹកមុខនាងមេ និង យកមាត់ចំពុះទៅគោះសសិតប៉ះនឹងមាត់នាងមេ លួងលោមបំពេ កឹកៗៗៗ មុននឹងវាជំ ទើត ជើងដំឡើងក្បាលខ្ពស់ ទទះស្លាបភឹបៗ រងាវ កុកកែកឺកឺតៗ ហើយបន្ទាបខ្លួនចំកាងស្លាបត្រដាងរត់ត្របាញ់ត្រុយពេលឃើញនាងជំទង់មួយមកឈរសម្ញែងកាច់រាង មិនឆ្ងាយប៉ុន្មានពីទីនោះ។
© rbu_spp 9:04 pm January 01, 2015 Puthpong Sao


rbu 708 -- ផ្លែអើយផ្លែឯង


ផ្លែអើយផ្លែឯង ពុំក្រែងចិត្តស្រី
ខ្វះណាស់ឬអ្វី រាងផ្សេងពីហ្នឹង(?)
ប្រុសៗភ្នែកដាល ដៀងមើលសម្លឹង
ស្រីៗគ្នាខឹង ផ្លែហ្នឹងឥតកេរ្តិ។
ប្រុសៗឈូឆរ កុះករកេះគ្នា
ថាផ្លែនេះជា កេរ្តិមិនខុសទេ
មើលឃើញរូបច្បាស់ រាងវាខុសគេ
ស្រីៗលួចជេរ ផ្លែអីឥតខ្មាស។
ពួកកំលោះព្រើល លួចមើលលាក់ៗ
ខ្លះដូចភ្ញាក់ៗ ផ្អើលៗផ្ដេសផ្ដាស
អ្នកមានគូហើយ ឆ្លើយមិនចេះខ្មាស
ផ្លែនេះពិតណាស់ ខ្វះពាក្យហៅសម។
ពួកស្ទាវកំព្រើល មើលមិនរោយភ្នែក
បូរបាច់ជជែក វែកញែកយ៉ាងហំ
មិនចេះអៀនមាត់ វាត់ពាក្យចំៗ
ផ្លែលាក់សំងំ ដូចណាស់អ្វីនោះ។
ក្រមុំៗ លួចកុំ(១)មើលអៀន
អែបមើលកៀនៗ ចង់ស្ទើតស្ទើរស្ទុះ
ខ្លះសើចកក្អឹក ផ្លែកេរ្តិមនុស្ស
ពេលទុំមុខជ្រុះ ប្រុសដណ្ដើមគ្នា៕
(១) កុំ (កិ.) = ផ្ដុំគ្នា
© rbu_spp 7:34 pm January 01, 2015 Puthpong Sao
Like ·  · 
  • Puthpong Sao

rbu 707 -- យល់សប្ដិជប់លៀង


អធ្រាត្រ ឃ្លាតផ្ដាំ ឆ្នាំចាស់ ផ្លាស់ថ្មី
ជុំមិត្ត ជិតក្ដី មេត្រី ជប់លៀង
ពីនាយ មកអាយ ឆ្ងាយជិត រៀងៗ
សំណើច សំនៀង ច្រៀងសា ទរអរ។
ផ្ទះខ្លះ ខ្វះញាតិ ជុំជាតិ ជាគ្នា
អធ្រាត្រ រងា គ្មានគ្នា កំដរ
ឱបដៃ កម្សត់ អត់អ្នក អបអរ
ដង្ហើម ត្រដរ អន្ធក្រ តស៊ូ។
អ្នកមាន ជន់ជោរ ហូរហៀរ អាហារ
អ្នកក្រ ខ្សត់ណា ទេព្តា ភ្លេចគូរ
ប្រាថ្នា យល់សប្ដិ បានហូប រស់យូរ
ម្ហូបម្ហា ពេញទូ ភ្ញាក់ឡើង គ្រហែត។
យល់សប្ដិ ហូបឆ្ងាញ់ ខ្លួនឯង អរដែរ
បើទោះ បីតែ សប្បាយ មួយភ្លែត
អាហារ យល់សប្ដិ ភរខ្លួន មិនឆ្អែត
ភ្ញាក់ឡើង គ្រហែត កូរពោះ គ្រូកៗ។
អ្នកក្រ ចង់ឆ្ងាញ់ បន់ឲ្យ យល់សប្តិ
ផ្គុំម្រាម ដៃដប់ ផ្សងឈោង ដៃលូក
ប្រាថ្នា ចាប់ប៉ះ សាច់មាន់ គោជ្រូក
កាយញាត់ ហុតគ្រូក មុខម្ហូប យល់សប្ដិ។
នឹកឃ្លាន សាច់អាំង នំប៉័ង ការី
ដៃមួយ ដៃពីរ ប្រើទាំង ម្រាមដប់
ឱកាស មានម្ដង មិនដឹង ត្រូវចប់
ជប់លៀង យល់សប្ដិ យល់សប្ដិ ជប់លៀង៕
© rbu_spp 4:14 pm January 01, 2015 Puthpong Sao

rbu 706 -- !!! សួ ស្ដី ឆ្នាំ ថ្មី ២ ០ ១ ៥ !!!


ឈូកសល្អល្អះ រីកស្រស់ពេញគន់
ឃើញដូចមានមន្ត ឲ្យស្បើយអារម្មណ៍
ដូចវង់ភក្ត្រស្រី សខ្ចីពេញសម
ក្រឡេកមើលចំ ពុំចង់ងាកចេញ។
!!! ជូនពរឆ្នាំថ្មី ២០១៥ !!!
គ្រប់គ្នារួចកម្ម ជួបមង្គលពេញ
ទូទាំងលោកា ផុតទុក្ខទោម្នេញ
ទុក្ខវៀសចៀសចេញ សុខចម្រើនសព្វ !!!
© rbu_spp 24:00 Jan 01, 2015 Puthpong Sao
— with Sothorn Korm and 17 others.


rbu 705 -- ភ្នំសាច់ថនា


នាំគ្នាមើលចុះ ... មើលកុំឲ្យខុស ... មើលមួយស្រឡាញ់ ... មើលហើយកាន់ចិត្ត ... មើលកុំក្នក់ខ្នាញ់ ... កុំធ្មេចភ្នែកបាញ់ ... តម្រង់ខុសទី។
មើលត្រង់ឱរា ... ស្បៃបាំងយ៉ាងណា ... ក៏គង់យល់ពី ... សុដន់ទាំងគូ ... បង្ហាញឫទ្ធី ... ក្រពុំចាំទី ... សុខសួគ៌សុបិន។
ដូចភ្នំមំសា /សាច់/ ... ម៉ដ្ឋខៃយ៉ាងណា ... ឃាត់ចិត្តឈប់សិន ... កុំអាលរំលង ... គន់ឆោមមាសឆ្អិន ... ភ្នែកអើយអ្នកប៉ិន ... មើលពុំចេះឆ្អែត។
មើលទៅត្រគាក ... សាច់ណែនមិនជ្រាក ... ក្រោមស្បៃក្រឡែត ... ភ្លៅទាំងគូគង ... បាំងភ្នំត្រដែត ... មើលពុំចេះឆ្អែត ... តើគូនរណា។
ទំនងណាស់តើ ... ឈរជ្រែងមិនដើរ ... យ៉ាងខែងសង្ហា ... ដៃច្រត់ចង្កេះ ... ធ្វើឫកអស្ចារ្យ ... ឈរចាំភស្ដា /ប្ដី/ ... ឬបង្អួតរាង?
© rbu_spp 5:34 pm Jan 01, 2015 Puthpong Sao