១. ស្រែអើយស្រូវខ្ញុំ សុំរស់ក្បែរ
ត្រពាំងថ្លុកស្រែ ក្បែរទួលស្រី
ស្រះកេរម៉ែអូន សំបូរត្រី
ទឹកថ្លាអ្វីៗ ឃើញឆ្លុះមេឃ។
ត្រពាំងថ្លុកស្រែ ក្បែរទួលស្រី
ស្រះកេរម៉ែអូន សំបូរត្រី
ទឹកថ្លាអ្វីៗ ឃើញឆ្លុះមេឃ។
២. ត្រីឆ្លាំងឆ្លាស់ឆ្លៀត ជ្រៀតសំងំ
ឆ្លូញស្លាតបន្លំ សង្វាតពេក
លូកលលោមលួង ល្បួងមន្តសេក
ចង់ស្រីរូបឯក លោមបន្លែង។
ឆ្លូញស្លាតបន្លំ សង្វាតពេក
លូកលលោមលួង ល្បួងមន្តសេក
ចង់ស្រីរូបឯក លោមបន្លែង។
៣. ត្រីព្រួលត្រីប្រា ឆ្លេឆ្លាហែល
កៀងគ្នាក្រវែល ជុំគុម្ពត្រែង
ត្រីក្រុះកញ្ចុះ ក្អែកអណ្ដែង
ត្រីក្រាញ់បន្លែង នឹងត្រីផ្ទក់។
កៀងគ្នាក្រវែល ជុំគុម្ពត្រែង
ត្រីក្រុះកញ្ចុះ ក្អែកអណ្ដែង
ត្រីក្រាញ់បន្លែង នឹងត្រីផ្ទក់។
៤. ឱ ដួងច័ន្ទ្រអើយ អូនដឹងទេ
សម្រស់មាសមេ ឲ្យបងឈ្លក់
វង្វេងទាំងថ្ងៃ អង្គុយងក់
ស៊ូលក់កេរឪ ដើម្បីអូន។
សម្រស់មាសមេ ឲ្យបងឈ្លក់
វង្វេងទាំងថ្ងៃ អង្គុយងក់
ស៊ូលក់កេរឪ ដើម្បីអូន។
៥. គន់មើលស្លឹកស្រូវ ដូចកេសា
ស្រស់កែវជីវា លូតស្រលូន
វល្លិមាសរលាស់ សមភ័ក្ត្រអូន
សោភ័ណដូចកូន ព្រះឥន្ទ្រា។
ស្រស់កែវជីវា លូតស្រលូន
វល្លិមាសរលាស់ សមភ័ក្ត្រអូន
សោភ័ណដូចកូន ព្រះឥន្ទ្រា។
៦. កន្ទុំរុយរេ ហើររាំ-វង់
ត្រចៀកកាំពង់ ព័ទ្ធវង់គ្នា
បណ្ដាក់ជូនពរ ពៅពម្ងា
ធ្វើបរិពារ វេនរំលែក។
ត្រចៀកកាំពង់ ព័ទ្ធវង់គ្នា
បណ្ដាក់ជូនពរ ពៅពម្ងា
ធ្វើបរិពារ វេនរំលែក។
៧. ឃើញដួងច័ន្ទ្រអូន លើវេហាស៍
ឆ្លុះយល់ភក្ត្រា ច្បាស់នឹងភ្នែក
មុជស្រះស្រង់អូន ដូចឈោងមេឃ
បង្កើយជិតពេក លួចបេតី។
ឆ្លុះយល់ភក្ត្រា ច្បាស់នឹងភ្នែក
មុជស្រះស្រង់អូន ដូចឈោងមេឃ
បង្កើយជិតពេក លួចបេតី។
៨. ពពកសក្បុស ឆ្លុះមេឃយប់
ទោះងងឹតឈ្លប់ ដូចភ័ក្ត្រស្រី
ពេញមូលក្រឡង់ ចាំងរង្សី
ដូចច័ន្ទ្របូរមី ត្រចះចែង ។
ទោះងងឹតឈ្លប់ ដូចភ័ក្ត្រស្រី
ពេញមូលក្រឡង់ ចាំងរង្សី
ដូចច័ន្ទ្របូរមី ត្រចះចែង ។
៩. ទួលស្រីប្រណី ស្និទ្ធបបុស
បបូរត្រសុស ត្រដុសត្រែង
ឲ្យបងទុក្ខធំ ខ្វល់ចំបែង
កម្សត់ម្នាក់ឯង ស្នេហ៍ពន់ពេក។
បបូរត្រសុស ត្រដុសត្រែង
ឲ្យបងទុក្ខធំ ខ្វល់ចំបែង
កម្សត់ម្នាក់ឯង ស្នេហ៍ពន់ពេក។
១០. សូមមានវាសនា បានទៅកើត
កង្កែបថ្លុកអើត ងើយមើលមេឃ
ប្រឡង់ភ័ក្ត្រអូន ពន្លឺភ្នែក
ដូចពេជ្រភ្លឺផ្លេក ដេញរស្មី។
កង្កែបថ្លុកអើត ងើយមើលមេឃ
ប្រឡង់ភ័ក្ត្រអូន ពន្លឺភ្នែក
ដូចពេជ្រភ្លឺផ្លេក ដេញរស្មី។
១១. ក្នុងត្រពាំងស្រែ កេរម៉ែអូន
ម៉ែពុកចែកកូន ស្ងួនពិសី
តាមពង្សតពូជ រួមមេត្រី
សូមកល្យាណី ស្រីមេត្តា៕
ម៉ែពុកចែកកូន ស្ងួនពិសី
តាមពង្សតពូជ រួមមេត្រី
សូមកល្យាណី ស្រីមេត្តា៕
© rbu_spp June 19, 2014 Sao Puthpong សៅរ៍ ពុធពង្ស
No comments:
Post a Comment