Showing posts with label សម្រស់ កែវ. Show all posts
Showing posts with label សម្រស់ កែវ. Show all posts

Friday, August 15, 2014

rbu 566 -- សម្រស់ កែវ


ស្រស់ពិតចិត្តកួច លួចស្រមៃ
ភ័ក្ត្រ កែវ ចរណៃ ថ្លៃសោភ័ណ
គន់មើលចិញ្ចើម ដងកៅទ័ណ្ឌ
ជ័យវល្លិ៍មាសវ័ណ្ឌ គងនេត្រា។
ផ្លេកចាំងដូចនីល រលើបព្រិច
ភ្លឺផ្លាតរំលេច ពេជ្ររតនា
រង្សីក្រាលគ្រប ភ្នំនាសា
ស្រួចស្រស់កាមា រលោងអម។
បបូរពេញសម ទុំម៉ាក់ប្រាង
ផែនថ្ពាល់សងខាង ព្រឿងក្រហម
ចង្កាប៉ិចពាល់ អង្អែលថ្នម
អ្នកបានបីបម មានវាសនា។
គន់មើលកេសា ដូចវល្លិ៍មាស
វារវ័ណ្ឌក្រាលពាស គ្រងសិរសា
ដូចឆ័ត្រព្រះនាង ទេពធីតា
កែវ អង្គអប្សរា ប្រាង្គអង្គរ។
ភ័ក្ត្រអើយញញឹម ស្រស់បទុម
មេឃអើយកុំយំំ គម្រាមផ្គរ
ថ្លាឡើងណា កែវ កុំង៉ក់ងរ
ទ្រូងបងញាប់ញ័រ គេងសុបិន។
ឱ ភ័ក្ត្រ កែវ ស្រស់ លើសអស់ស្រី
នៅលើផែនដី ឆោមមាសឆ្អិន
ស្ទើររកពុំបាន ក្លែប កែវ ក្លិន
សូមបានសុបិន ជួប កែវ ស្រី៕
© rbu_spp 5 pm, August 15, 2014 Sao Puthpong, Phnom Penh.