Showing posts with label វាលជីវិត. Show all posts
Showing posts with label វាលជីវិត. Show all posts

Friday, October 17, 2014

rbu 622 -- កាត់វាលជីវិត


ស្នាដៃវិចិត្រ ពិសេសក្រៃ
ជាងប្រសប់ច្នៃ គេហ៍សិល្បៈ
យ៉ាងស្ទាត់ជំនាញ គូរជុលចាក់
អំណត់ប៉ិនប៉ាក់ សព្វក្បាច់ក្បាំង។
ទាំងរូបទាំងពណ៌ ល្អប្រណីត
ចលនាសម្រិត ពេញសម្រាំង
មើលសេះប្រាំពីរ ពេញកម្លាំង
ប្រណាំងរត់កាត់ វាលពិតៗ។
សម្រស់សោភ័ណ ទេសភាព
កាត់ទីទំនាប វាលជីវិត
មើលឆ្ងាយឃើញសម ដូចមើលជិត
ឃើញហើយនឹកគិត វដ្ដសង្សារ។
នេះសេរីភាព នៃជីវិត
ពន្លឺពេញពិត ពីសុរិយា
សាយសព្វផែនដី មេឃភ្លឺថ្លា
គន់មើលកាលណា ទុក្ខរសាយ។
ឱ ផ្កាវាលអើយ ផ្កាវាលវែង
នឹកកាលពីក្មេង លេងសប្បាយ
បេះផ្កាព្រៃថើប ក្លិនស្រស់ស្រាយ
ទាំងចិត្តទាំងកាយ ស្រាកហ្មងសៅ៕