Showing posts with label ព្រលឹត. Show all posts
Showing posts with label ព្រលឹត. Show all posts

Thursday, December 18, 2014

rbu 674 -- គុណព្រលឹត


ពេលឃើញព្រលឹត គិតរឿងចាស់
ខ្មែរឈឺចាប់ណាស់ កាលសម័យ
ប៉ុល ពត ឫស្យា សែនព្រៃផ្សៃ
ខ្មែរស្លាប់រាល់ថ្ងៃ សែនខ្លោចផ្សារ។
ក្រៅពីសម្លាប់ យប់ថ្ងៃព្រឹក
ឈឺ ឃ្លាន ហេវ នឹក រឿងមរណា
ធ្វើការបាក់ខ្លាំង អត់អាហារ
បាត់ជន្មសង្ខារ ជិតពីរលាន។
ផ្កាព្រលឹតនេះ ជាបន្លែ
បំប៉ោងពោះខ្មែរ សម្រន់ឃ្លាន
ទោះជាធាតុទឹក គ្រាន់ជាទាន
ពុំមានរសគោល ចិញ្ចឹមកាយ។
ប៉ុល ពត ប្រើពាក្យ ហៅព្រលឹត
បន្លែប្រតិដ្ឋ យុទ្ធសាស្ត្រក្លាយ
ដុះលឿនពេញបឹង ចូលខ្ទះបាយ
ដាំស្លក្បួនអាយ បបររាវ។
បបរព្រលឹត ពិតបំប៉ោង
ពោះនៅប្រហោង កុំបាច់ជ្រាវ
ពុំមានសាច់ទេ ទោះសាច់វាវ
មិនព្រាវ ចង់រស់ ស្លាប់ហូរហែ។
ព្រលឹតដុះជិត ត្រកួនបឹង
លូតងើយសម្លឹង មេឃស្រុកខ្មែរ
ពពកទួញសោក ទាំងក្រុងស្រែ
នឹកព្រលឹងខ្មែរ ព្រាយព្រាត់ប្រាណ។
តិចតូចគ្រាមុន គុណព្រលឹត
បានជួយជីវិត សល់ប៉ុន្មាន
អ្នកមានភ្លេចក្រ អ្នកក្របាន
នៅរស់ផ្ញើប្រាណ ពឹងព្រលឹត៕
© rbu_spp 10:29 am Dec 14, 2014 Puthpong Sao +855 (0) 69646542


អរុណសួស្តីមិត្តរាល់គ្នា!!!!!!!!!
រីករាយថ្ងៃអាទិត្យ នាចុងឆ្នាំ២០១៤...