Showing posts with label ជិត និង ឆ្ងាយ. Show all posts
Showing posts with label ជិត និង ឆ្ងាយ. Show all posts

Monday, January 5, 2015

rbu 714 -- ជិត និង ឆ្ងាយ


ជិតជួយឲ្យឃើញ កាន់តែច្បាស់
ឆ្ងាយផ្ដាំនឹកណាស់ ខ្សែចិត្តចង
ឆ្ងាយជួយរំឭក រឿងកន្លង
ជិតឆ្ងាយទាំងសង គូនឹងគ្នា។
នៅឆ្ងាយតែងនឹក រឭករក
ភ្ញាក់ៗនឹកភ្នក ញឹកមមា
លើកលែងអត់ឱន ឆ្គងនានា
គឺពេលវេលា ជួយភ្ជិតបិទ។
បើពុំមានជិត ក៏ឥតឆ្ងាយ
ជិតនៅកៀកកាយ ឆ្ងាយកៀក ចិត្ត
ជិតឆ្ងាយគូគ្នា គង់នៅស្និទ្ធ
ខុសតែមួយ ចិត្ត មួយទៀត កាយ។
ឆ្ងាយជួយព្យាបាល របួស ចិត្ត
នៅជិតមានគ្រា ព្យាបាល កាយ
ទាំងពីរប្រជួយ ជិត និង ឆ្ងាយ
មានគូកៀកកាយ កុំឆ្ងាយចិត្ត។
ពាក្យចាស់ពោលថា ស៊ូជួញជិត
បាននៅនែបនិត្យ ចេញចូលស្និទ្ធ
បើជាជួញឆ្ងាយ នោះក៏ដ្បិត
ពេលមានវិបរិត ពិបាកជួយ។
សម័យឥឡូវ ជិត ដូច ឆ្ងាយ
ឯនាយ ឬ អាយ ដូចតែមួយ
ទ្រព្យតែងកើតមាន បើចេះស្ទួយ
ប្រើពេលឲ្យជួយ កើតប្រយោជន៍៕
© rbu_spp 01:11 pm Jan 5, 2015 Puthpong Sao