Showing posts with label ឃ្លាតកាយ. Show all posts
Showing posts with label ឃ្លាតកាយ. Show all posts

Monday, January 5, 2015

rbu 715 – “ឃ្លាតកាយណាយចិត្ត”


ឃ្លាតកាយណាយចិត្ត ” មិនពិត ជានិច្ចទេ ...
ទ្រឹស្ដីនេះគេ ចែងថា ជាករណី
អប់រំប្រដៅ ប្រាប់ផ្លូវ ប្រពន្ធប្ដី ... 
ជិតក្ដីឆ្ងាយក្ដី កុំបី ក្បត់ចិត្តគ្នា។
នៅឆ្ងាយក្បត់គ្នា ព្រោះគ្រា កាលនៅជិត ...
ឈ្លោះទាំពុំគិត យល់ចិត្ត ប្ដីភរិយា
ម៉ោកម៉ាំងតូងតាង អួតអាង រៀងអង្គា ...
ចង់តែឈ្នះគ្នា រៀងខ្លួន កាន់ចិត្តខ្លាំង។
ប្ដីហាមាត់ឡើង វ៉ូងវ៉ាង តាមតែចិត្ត ...
ប្រពន្ធនោះឥត គិតទ្រាំ តបម៉ាំងៗ
ដណ្ដើមចង់ឈ្នះ ឲ្យចាញ់ ជេរឆាំងៗ ...
ខ្លាំងប៉ះនឹងខ្លាំង ពុំថ្នម ចិត្តជាសុខ។
ពេលខ្លះប្រពន្ធ មាត់ច្រែះ ជ្រុំចិញ្ច្រាំ ...
សាប់ប្ដីទាំងផ្ដាំ ដៀលឌឺ ច្រាសអុកឡុក
ពុំស្រឡាញ់គ្នា រស់ជា គូសាងសុខ ...
ពេលឆ្ងាយចាកស្រុក មុខតែ ផ្សងគូផ្សេង។
ឃ្លាតឆ្ងាយចិត្តណាយ រសាយ ក្ដីមេត្តា ...
នឹកតែរឿងណា ដែលជា កំហុសឆ្វេង
គិតងាយឃ្វាងឃ្លាត មានគ្នា ផ្គូ-លលេង ...
ខ្លួនផ្ដាសវង្វេង លេងមែន ពុំរិះរេ។
ខ្លះក៏មានដែរ ឃើញគេ ថ្មីរមទម្យ ...
ខ្លួនក៏ចិត្តធំ ពុំខ្វល់ ព្រមលះកេរ្តិ៍
គេចេះថ្នាក់ថ្នម គូមុន ដឹងតែជេរ ...
ពុំយល់ចិត្តទេ តែងឈ្លោះ ពុំលស់ឡើយ។
បើនៅ "ជិត" ស្មោះ ល្អូកល្អឺន សាងតែល្អ ...
ពេលឃ្លាតគ្នាក៏ ស្មោះសរ ពុំតោះតើយ
ចិត្តចងជាប់ស្អិត “ឆ្ងាយស្និទ្ធ” ពុំក្បត់ឡើយ ...
នេះហើយនិស្ស័យ ភក្ដី ទោះឃ្លាតកាយ។
អ្នកដែលក្បត់គ្នា ចិត្តណាយ ទាំងនៅជិត ...
ឈ្លោះគ្នាមិនគិត ពុំចាំ បាច់ឃ្លាតឆ្ងាយ
ដូច្នេះឃើញច្បាស់ ដោយពិត ថាចិត្តណាយ ...
ពុំមែនឃ្លាតកាយ ទើបណាយ ចិត្តនោះទេ។
តាមវិទ្យាសាស្ត្រ សិក្សា គ្មានទ្រឹស្ដី ...
ចែងចារពីអ្វី បញ្ជាក់ ទុកជាកេរ
ថាគឺ “ចម្ងាយ” ជាហេតុ ដើមឬមេ ...
នាំគ្នេរចិត្តខ្នាញ់ ឃ្លាតកាយ ណាយចិត្តឡើយ៕
© rbu_spp 7:27 pm Jan 5, 2015 Puthpong Sao