#rbu_1059_រាស្ត្រចាំតែថ្ងូរ
មិនយល់ កុំឆ្ងល់ ហេតុអ្វីទៅ
រឿងខុសមាននៅ កើតដដែល
ដូចយើងបានដឹង ពីយូរក្រែល
ឡើងក្រាស់ជាក្អែល ជាប់សង្គម។
តើខុសអ្នកតូច ជាអ្នកធ្វើ
ឬខុសពីលើ ជាអ្នកធំ
ទទួលសំណូក ស៊ុមគ្រលំ
បក្សពួកនិយម ខ្សែឧកញ៉ា?
ស្ពានសាងសង់ថ្មី ទាំងផ្លូវថ្នល់
មិនថាមាំដល់ ជាប់ប៉ុនណា
នៅតែស្រុតទ្រុឌ ក្រោមដុល្លារ
សង់រួចកាលណា ចាប់ផ្ដើមខូច។
ថាស្ពានចិនចុះ ស្តង់ដារទាប
រឿង"អាថ៌"ជាឃ្នាប ពុកមិនដូច
តែស្ពានជប៉ុន ម្ដេចឆាប់ខូច
មកពីអ្នកតូច មិនធ្វើការ?
ឡានធំដឹកធ្ងន់ មានជាខ្សែ
ខូចផ្លូវស្រុកខ្មែរ គ្មានអ្នកណា
យកភ្នែកមើលទេ ព្រោះដុល្លារ
បាំងបាត់នេត្រា ឲ្យធ្វើខ្វាក់។
កាប់ឈើពាយព្រៃ ដឹកខូចផ្លូវ
អស់កេរម៉ែឪ ព្រោះតែ"ប្រាក់"
ឡានធំដឹកធ្ងន់ ឃើញប្រចក្ស
តាមខ្សែពួកថ្នាក់ បំផ្លាញជាតិ។
ស្រុកច្រើនបណ្ឌិត គិតការងាយ
មិនហ៊ាននិយាយ ខ្លាចបាត់ឃ្លាត
តំណែងកៅអី ខ្សត់មារយាទ
ទើបរាស្ត្រនិងជាតិ ចាំតែថ្ងូរ។
កំណាព្យរក្សាសិទ្ធិ copyright rbu_spp ថ្ងៃសុក្រទី២៦ កុម្ភៈ ២០១៦សៅរ៍ ពុធពង្ស Puthpong Sao
No comments:
Post a Comment