គេចមុខបែរខ្នងផ្សងយ៉ាងណា សូមកែវកន្និដ្ឋាមេត្តាឆ្លើយ
បើស្អប់បងខ្លាំងស្ងួនអូនអើយ មិនឆ្លើយក៏បានតាមចិន្ដា។
ឬខឹងរឿងអ្វីស្រដីមក សូមមាសពន្លកអូនមេត្តា
វាចារ៉ាយរ៉ាប់ស្រាកទុក្ខា មិនតឹងឱរាទុក្ខតែឯង។
ទុក្ខពេញដើមទ្រូងសួរទងផ្កា សូមស្មៅវាចាស្រាយចំបែង
អង្វរស្មៅផ្កាឱ្យថ្លាថ្លែង ស្មៅអើយស្មៅឯងជួយនាងផង។
រឿង"នាងលាក់មុខ" មានប្រវត្តិ ព្រេងចារកំណត់សាវតាពង្ស
បឋមក្សត្រីខ្មែរយូរលង់ នាមទ្រង់"ក្រអូបក្លិនកេសា"។
កាលនាងនាំទ័ពចេញច្បាំងទល់ នឹងមេទ័ពពលមន បច្ចា
ទ្រង់លាក់ព្រះភ័ក្ត្រក្នុងភូសា ទ័ពមនស្រែកថាពីរវិស័យ។
បើមុខអាក្រក់ អាក្រក់ហួស បើស្អាតៗនោះស្អាតពេកក្រៃ
ល្អជាបណ្ដាច់លើសអស់ស្រី នៅលើលោកិយគ្មានស្រីប្រៀប៕
No comments:
Post a Comment